ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប សម្រេចអោយក្រុមហ៊ុនទឹកស្អាតកាយដីដែលចាក់ចូលទន្លេសាបចេញវិញអោយអស់ក្នុងរយៈពេល១សប្តាហ៍

កំពង់ឆ្នាំង៖ ក្រសួងធនធានទឹក ឧតុនិយម និងអាជ្ញាធរទន្លេសាប និងក្រសួងពាក់ព័ន្ធ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានសម្រេចអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីដែលបានចាក់ចូលទន្លេសាបចេញវិញអោយអស់ក្នុងរយៈពេល១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះតទៅ។ ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ មានការចូលរួមពីឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹកជាប្រធានអង្គប្រជុំ, ឯកឧត្តម ហ៊ែល តូនី អាជ្ញាធរទន្លេសាប, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តម យិន សុភី មេធាវីក្រសួងធនធានទឹក និងឧតុនិយម, និងតំណាងក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង។

ជាលទ្ធផលក្នុងកិច្ចប្រជុំនេះ បានអោយដឹងថា៖ ក្រុមការងារបច្ចេកទេសលើករណី ចាក់ដីចូលទន្លេសាបនៅចំណុចផែថ្មី ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាមួយតំណាងក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ក្រោមកិច្ចសម្រមសម្រួលដោយឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមនៃអាជ្ញាធរទន្លេសាប, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប, និងឯកឧត្តម យិន សុភី មេធាវីប្រចាំក្រសួងធនធានទឹក និងឧតុនិយម រួមនិងតំណាងប្រធានមន្ទីរក្រសួងពាក់ព័ន្ធ បានតម្រូវអោយ ១. ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយទំនប់យកអាចម៍ដីចេញពីទន្លេវិញស្របតាមច្បាប់ និងបទដ្ឋានបច្ចេកទេសរបស់ជំនាញក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍ ដែលមានសមត្ថកិច្ច។ ២. តំណាងក្រុមហ៊ុនបានស្នើសុំរយៈពេល១៥ថ្ងៃ ដោយក្រុមហ៊ុននឹងកាយដីចេញជាបណ្តើរក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥តទៅ និងរៀបចំប្លង់បច្ចេកទេសតាមការណែនាំរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធ។ ៣. ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ត្រូវស្នើសុំទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍ ដើម្បីកំណត់ទីតាំងសម្រាប់បូមទឹកឆៅ សម្រាប់ផលិតទឹកស្អាត ដោយមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំងស្របតាមច្បាប់កំណត់។

គួររំលឹកថា៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ដែលមានតំណាងលោក ញ៉យ កាន់ (ភាគីក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង) បានកាយដីបាតទន្លេសាប និងចាក់ដីព័ទ្ធជាទំនប់ធ្វើជាអាងទឹកចូលទៅក្នុងទន្លេសាបប្រវែង៧០ម៉ែត្រ ដោយមិនបានសុំច្បាប់ និងមានការពិនិត្យល្អិតល្អន់ពីក្រសួងធនធានទឹក និងឧតុនិយមនោះឡើយ។ ថែមលើនោះ ពេលអ្នកកាសែតសួរនាំ គេមិនបានឆ្លើយប្រាប់នោះឡើយ ថែមទាំងគំរាមអ្នកកាសែតថែមទៀតផង ក៏ប៉ុន្តែនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ អ្នកយកព័ត៌មានទូរទស្សន៍បាយ័នបានប្រទះឃើញទំនប់នោះ បានសួរទៅអាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធ និងធ្វើការផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ទើបក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប បានចុះមកប្រជុំដោះស្រាយករណីខាងលើនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ និងបានប្រជុំសម្រេចនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះតែម្តង៕