យុវជនបោះជំរំ កំពុងលត់ដំខ្លួន ដោយឡើងហាត់ប្រាណម៉ោង៥ព្រឹក ខណៈអាកាសធាតុ​ចុះត្រជាក់ខ្លាំង

 

នៅព្រឹកថ្ងៃទី១៧ធ្នូនេះ ប្រតិភូយុវជនបោះជំរំជាសកលលើកទី១០ ឆ្នាំ២០២៤ បាន​នាំ​គ្នា​ឡើង​ហាត់ប្រាណនៅម៉ោង៥ព្រឹក ជាប់ជើងភ្នំគូលែន ជាមួយនឹងអាកាសធាតុចុះត្រជាក់១៤អង្សាសេ ដែល​សកម្ម ភាពឡើងព្រឹកព្រលឹមនេះ ត្រូវបានយុវជន ចាត់ទុកជាសកម្មភាព​លត់ដំ​ខ្លួន​ដ៏​សំខាន់​។

បញ្ជាក់ប្រាប់ BTV តំណាងយុវជនបោះជំរំ២រូប បានប្រាប់ថា សកម្មភាពឡើងហាត់ប្រាណនេះ ពួក​គេ បានក្រោកពីដំណេកតំាងពីម៉ោង៣យប់ ដើម្បីរៀបចំខ្លួនឡើងហាត់ប្រាណនៅម៉ោង៥ព្រឹក ជាមួយនឹងអាកាសធាតុត្រជាក់ក្តៅ។ ពួកគេបន្តថា ពួកគេធ្លាប់តែនៅផ្ទះ ក្រោកពីដំណេក​នៅ​ម៉ោង​៨​ព្រឹក ​ហើយមានប៉ាម៉ាក់ និងបង បានធ្វើម្ហូបទុកឱ្យហូប ដោយពុំបានធ្វើអ្វីៗទំាងអស់ ប៉ុន្តែនៅ​ពេលមក​កម្មវិធីបោះជំរំ គឺអ្វីៗត្រូវផ្លាស់ប្តូរទំាងអស់ មានន័យថា សកម្មភាពនៅក្នុងជំរំ ប្រៀប​ដូចជា​សកម្មភាពលត់ដំ ដ៏សកម្ម ហើយសកម្មភាពទំាងអស់នេះ នឹងធ្វើឱ្យពួកគេ ផ្លាស់​ប្តូរ​ទម្លាប់​មិន​ល្អ ទៅជាទម្លាប់ល្អសម្រាប់ ជីវិតពួកគេហើយពួកគេពេញចិត្ត​ដោយសង្ឃឹមថា ពួកគេ​នឹង​មាន​ខ្សែ​ជីវិត​ល្អ បន្ទាប់ពីពួកគេបានចូលរួម កម្មវិធីបោះជំរំជាសកល លើកទី១០ ឆ្នាំ​២០២៤។

សូមបញ្ជាក់ថា កម្មវិធីបោះជំរំយុវជនជាសកលនេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុង​គោល​បំណង​ពង្រឹង​យុវជន​ឱ្យ​ចេះ​រៀន​រស់​ជាមួយ​យុវជន​ផ្សេង​ៗ​​ទៀត ​ដែលពុំធ្លាប់ស្គាល់គ្នា ឱ្យចេះសាមគ្គីគ្នា ចេះបង្កើតជាសហគមន៍ និងរស់នៅ​ជាមួយ​គ្នា​ដោយ​សុខ​សន្តិភាព ពិសេសការរស់នៅជុំគ្នារបស់យុវជន ប្រៀបដូចជាចង្កឹះមួយ គេកាច់បាក់ ចង្កឹះមួយ​បាច់​កាច់​មិនបាក់ ក្នុងន័យចេះឱ្យយុវជនចេះសាមគ្គីគ្នាទើបប្រទេសជាតិរឹងមាំ៕