ACU ឃាត់ខ្លួនអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ទាក់ទិនសូកប៉ាន់យកតំណែងតាមរយៈឈ្មោះ លី សាម៉េត
អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយមានការសូកប៉ាន់រត់ការយកតំណែងតាមរយៈឈ្មោះ លី សាម៉េត ហៅគ្រូមា ។
អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយមានការសូកប៉ាន់រត់ការយកតំណែងតាមរយៈឈ្មោះ លី សាម៉េត ហៅគ្រូមា និងឈ្មោះ ឡាច សំរោង។


ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាកយ
យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ទូរទស្សន៍ BTV News នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ថា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿងមួយទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនសង្ស័យឈ្មោះ ឡាយ វិសិដ្ឋ ជាអភិបាលរងខេត្តពោធិ៍សាត់ ក្នុងសំណុំរឿងជាប់សង្ស័យប៉ុនប៉ងសូកប៉ាន់ ដើម្បីរកតំណែង។
តាមប្រភពព័ត៌មានឲ្យដឹងថា ការសូកប៉ាន់នោះមានទឹកប្រាក់ប្រមាណជាង ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងរឿងក្ដីឈ្មោះ លី សាម៉េត មកដល់ពេលនេះអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមនុស្ស ៣នាក់ហើយ ហើយកាលពីម្សិលមិញតំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការលើឈ្មោះ មួង ឃីម និងឈ្មោះ អ៊ុត ធី ផងដែរ។
សូមជម្រាបជូនថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យដូចជា ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចំពោះឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា