ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញបើកវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ…!!!!
ភ្នំពេញ៖ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទិ២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ នៅស្នាក់ការកណ្តាលរបស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ នៅក្នុងរាជធានីភ្នំពេញ។
កម្មវិធីបណ្តុះបណ្តាលរបស់សមាគម គឺមានរយៈពេញមួយថ្ងៃ ដោយផ្តោតសំខាន់លើរបៀបប្រមូលព័ត៌មាន សរសេរអត្ថបទដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និងការគ្រប់គ្រងស្ថាប័ន សម្រាប់ចាងហ្វាង នៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកបទពិសោធការងារ និងផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់សិក្ខាកាម អំពីរបៀបសរសេរអត្ថបទដំណឹងក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាបញ្ជូនព័ត៌មាន ជាពិសេស គឺបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដែលកំពុងតែពេញនិយមនៅលើឆាកអន្តរជាតិ និងនៅកម្ពុជា។ ម្យ៉ាងវិញទៀត ឯកឧត្តម ក៏បានណែនាំឲ្យសិក្ខាកាមមានការប្រុងប្រយ័ត្នចំពោះបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ពាក់ព័ន្ធនឹងការផ្សាយអត្ថបទដំណឹងរបស់អ្នកសារព័ត៌មាន នៅលើហ្វេសប៊ុកផងដែរ ព្រោះព្រះរាជាណាចក្រកម្ពុជាពុំទាន់មានច្បាប់ ស្តីពីការផ្សាយលើហ្វេសប៊ុក ហើយក្រសួងព័ត៌មានក៏បានផ្តល់អាជ្ញាប័ណ្ណដល់អ្នកប្រើហ្វេសប៊ុកឡើយ ទោះបីជាអ្នកសារព័ត៌មានក៏ដោយ។
ឯកឧត្តម ហួត ឃាងវេង បានមានប្រសាសន៍ដូច្នេះថា «ហ្វេសប៊ុកគ្រាន់តែជាទម្រង់ផ្សព្វផ្សាយទេ។ ក្រសួងព័ត៌មានមិនឲ្យអាជ្ញាប័ណ្ណទេ ដូច្នេះការផ្សាយលើហ្វេសប៊ុក គឺខុសហើយ… ការផ្សាយបែបនេះអាចជាការបរិហារកេរ្ត៍ជាសាធារណៈតាមហ្វេសប៊ុក ហើយមិនអាចកែតម្រូវវិញបានទេ តែបើផ្សាយតាមគេហទំព័រ អាចកែតម្រូវវិញបាន»។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបានណែនាំឲ្យសិក្ខាកាមប្រឹងប្រែងរៀបសូត្រ ដើម្បីបង្កើតចំណេះដឹង ជាពិសេសត្រូវស្វែងយល់អំពីក្រមសីលធម៌ ច្បាប់ពាក់ព័ន្ធនានាផងដែរ។
ចំណែកឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដល់ចាងហ្វាងសារព័ត៌មាននេះដោយផ្តោតសំខាន់លើជំនាញប្រមូលព័ត៌មាន សរសេរអត្ថបទដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និងការគ្រប់គ្រងស្ថាប័ន។
សូមរំឭកថា ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានរាប់ពាន់ នាល្ងាចថ្ងៃទី១៤ ខែមករា នៅសន្និបាតកោះពេជ្រ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មានកំពុងមានការីកចម្រើនយ៉ាងខ្លាំង។ ដូច្នេះ ដើម្បីផលិតព័ត៌មានឲ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់នូវរឿងរ៉ាវពិត ដែលបានកើតមានឡើងក្នុងសង្គម ជាពិសេសត្រូវសរសេរព័ត៌មានទាំងល្អ និងមិនល្អ ដើម្បីចូលរួមធ្វើការកែលម្អក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គមកម្ពុជាឲ្យកាន់តែរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមសារព័ត៌មានទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យព័ត៌មាន និងសូមអរគុណដល់គ្រប់ស្ថាប័នទាំងអស់ ដែលបានចូលរួមសហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានពីស្ថាប័នរបស់ខ្លួន។
ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ សម្តេចតេជោ ក៏បានផ្តល់មតិណែនាំដល់អ្នកសារព័ត៌មាន តាមអនឡាញមួយចំនួន សូមចូលរួមគោរពទៅតាមវិជ្ជាជីវៈព័ត៌មានឲ្យបានត្រឹមត្រូវ ត្រូវគោរពសិទ្ធិអ្នកដទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សារដ៏សំខាន់មួយសម្រាប់អ្នកសារព័ត៌មានថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត»៕