ប៉េអឹមក្រុងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន…!

ខេត្តរតនគិរី៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ហើយនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ចំនួន៩នាក់ ក្នុងនោះប្រេីប្រាស់មធ្យោបាយរថយន្ត ៣គ្រឿង និងម៉ូតូ ៣គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការចុះបង្រ្កាបជាក់ស្តែងករណីចែកចាយរក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ៤នាក់ និងបានដកហូតវត្ថុតាងមាន: ម្សៅក្រាមសថ្លាចំនួន ០៣កញ្ចប់ (តូច ធំ) ទម្ងន់៦.០៣ ក្រាម (ថ្លឹងទាំងថង់) , ទូរសព្ទដៃចំនួន ៥គ្រឿង ,ម៉ូតូ ៣គ្រឿង ,ជញ្ជីងថ្លឹងថ្នាំ ចំនួន ០១ គ្រឿង ,បារីអេឡិចត្រូនិច (វ៉េប) ចំនួន ០១ដើម និងសម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ៤នាក់និងវត្ថុតាងខាងលើត្រូវ់បានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ដើម្បីកំពុងចាត់ការបន្តតាមនីតិវិធី៕