មន្ទីរព័ត៌មានខេត្តសៀមរាបឆាសូមរាយការណ៍ប្រជាពលរដ្ឋ និងអ្នកទេសចរជាច្រើននាក់ បានចូលរួមទស្សនា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នារដូវវស្សាឆ្នាំ២០២៣ !
ប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសជាច្រើននាក់ បានចូលរួមទស្សនា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត (សមរាត្រី) នារដូវវស្សាឆ្នាំ២០២៣។
មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលចុះទៅសង្កេតការណ៍ដោយផ្ទាល់បានឲ្យដឹងថា ទាំងព្រឹកថ្ងៃទី២១ និងទាំងព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសជាច្រើននាក់បានមកទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលរបស់ប្រាសាទអង្គរវត្ត។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី មន្ត្រី រូបនេះ មិនអាចបញ្ជាក់បានអំពីចំនួនអ្នកចូលរួមបានទេ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។
ចំពោះឆ្នាំ២០២៣ នេះ ថ្ងៃរះលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី នារដូវស្សានេះ ត្រូវចំថ្ងៃទី២២ ខែកញ្ញា ដែលជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នាគិតនៅប្រទេសកម្ពុជាយើង។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។
លោក អ៊ឹម សុខរិទ្ធី បន្តថា ករណីពិសេសនៅអង្គរវត្ត នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ។ នេះជារឿងអច្ឆិរយរបស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ គឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច។
សម្រាប់ព្រឹត្តិការណ៍សមរាត្រីរដូវវស្សានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្ងៃរះមិនល្អទេដោយសារអាកាសធាតុមិនល្អ ដោយមានភ្លៀងរលឹមផងដែរ។ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរដែលទៅទស្សនាគឺមានច្រើនកុះករ៕
អត្ថបទ និងរូបភាព: មន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានខេត្តសៀមរាប!!!