លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បញ្ជាផ្ទាល់ធ្វើការបង្ក្រាបជនសង្ស័យ  ៤នាក់កាប់បំផ្លាញម៉ូតូអ្នកដទៃ…!

ខេត្តស្វាយរៀង៖ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ពេជ្រវីរៈ លោកវរសេនីយ៍ឯក សោមសុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងបញ្ជាផ្ទាល់ចុះធ្វើការបង្ក្រាបជនសង្ស័យមួយក្រុមមានគ្នា ៤ នាក់កាប់បំផ្លាញម៉ូតូ ទ្រព្យសម្បត្តិ របស់អ្នកដទៃកាលពីថ្ងៃទី២៦.ខែសីហា.ឆ្នាំ២០២៣នៅ វេលាម៉ោង៨:២៥នាទី ព្រឹកប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានទទួលពាក្យបណ្តឹងពីម្ដាយជនរងគ្រោះ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ បានមកដាក់ពាក្យបណ្តឹងថា មានជនសង្ស័យ ជាច្រើននាក់(ប្រុស) ដែលរស់នៅភូមិអង្កាញ់,ភូមិប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានជិះម៉ូតូដេញកាប់កូនខ្លួន ប៉ុន្តែមិនត្រូវដោយកូនខ្លួនផ្តួលម៉ូតូរត់គេចខ្លន នៅពេលនោះជនសង្ស័យ និងក្រុមបក្សពួកបានរួមគ្នាកាន់ដាវកាប់ម៉ូតូខូចខាតអស់។

 

លោកវរសេនីយ៍ឯក សោមសុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា ពេលទទួលបានពាក្យបណ្តឹងរួចហើយ កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានចុះដល់កន្លែងកើតហេតុ និងបានកសាងសំណុំរឿង និងបានស្តាប់ការបំភ្លឺពីជនរងគ្រោះ និងសាក្សី បានឆ្លើយបំភ្លឺថា កាលពីថ្ងៃទី២៥.០៨.២០២៣ វេលាម៉ោង ១៥និង១០នាទី ខ្លួនបានជិះម៉ូតូចេញពីផ្ទះ ឌុបមិត្តទៅរៀននៅសាលាវិទ្យាល័យហ៊ុនសែនក្រោលគោ ពេលកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមាន ជនសង្ស័យជាច្រើននាក់បានជិះម៉ូតូចំនួន០៣គ្រឿងកាន់ដាវដេញកាប់រហូត ដល់ចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខ្លួនក៏ផ្តួលម៉ូតូរត់គេចខ្លួនទាំង០៣នាក់ ពេលនោះក្រុមបក្សពួកជនសង្ស័យបានរួមគ្នាកាប់ម៉ូតូខ្លួនខូចខាតអស់។

លោកវរសេនីយ៍ឯក សោមសុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា ក្រោយពីបានស្តាប់ការបំភ្លឺជនរងគ្រោះនិងសាក្សីរួចហើយ អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូន លោកឧត្តមសេនីយ៍ទោ ស្នងការ និងបានរាយការណ៍សុំយោបល់ ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវ និងស្វែងរកឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក សោមសុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបន្តឲ្យដឹងទៀតថា ក្រោយពីបានការអនុញ្ញាត ពីឯកឧត្តមព្រះរាជអាជ្ញា រួចហើយ កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានចុះមកសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រធាតុ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅថ្ងៃទី២៦.០៨.២០២៣ វេលាម៉ោង១៤ៈ៤៥នាទី
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានរួបរួមគ្នាខ្លះកាន់ដាវខ្លះកាន់ជំពាមកៅស៊ូ ដេញបាញ់ និងកាប់ជនរងគ្រោះមែនប៉ុន្តែជនរងគ្រោះបានផ្តួលម៉ូតូរត់គេចខ្លួន ពួកខ្លួនក៏កាប់ម៉ូតូបណ្តាលអោយបាក់បែកខូចខាតមែន។

បច្ចុប្បន្នសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ចាប់យកវត្ថុតាង ដាវចំនួន០១ ម៉ូតូចំនួន០២គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕