មេខ្លោងគ្រឿងញៀនជាជនជាតិចិន ដែលក្រុមឧក្រិដ្ឋជនទៅប្លន់រំដោះនៅក្នុងមន្ទីរពេទ្យធ្មេញនៅខេត្តសៀមរាបនោះ ត្រូវចាប់បានវិញហើយ…!
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ខ្លួនមេខ្លោងគ្រឿងញៀន វិញហើយ នៅព្រែកលៀប ខណ្ឌជ្រោយចង្វា និងបក្ខពួកម្នាក់ទៀត ចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈបម្រុងចេញទៅក្រៅប្រទេស ។
សូមជម្រាបថា ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ បានសម្រុកចូលរំដោះអ្នកទោសម្នាក់ ជាមេខ្លោងគ្រឿងញៀន ដែលមន្ដ្រីពន្ធនាគារ បញ្ជូនទៅពេទ្យធ្មេញ គ្លីនិកជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅក្នុងសន្និសីទសារព័ត៌មាន នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានអះអាងថា សមត្ថកិច្ចជំនាញ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៧នាក់ (ប្រុស០៦នាក់ ស្រី០១នាក់) ដែលបានធ្វើសកម្មភាពសម្រុកចូលទៅរំដោះ មេខ្លោងគ្រឿងញៀនម្នាក់ ដែលត្រូវអនុវត្តទោស៥២ឆ្នាំ នៅខេត្តសៀមរាប។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តថា ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជន ដែលមានអង្គការចាត់តាំងច្បាស់លាស់ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល ២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្រ រយៈពេលកន្លះខែមកហើយ ។
នៅថ្ងៃកើតហេតុ ថ្ងៃទី១៧ សីហា មានឧក្រិដ្ឋជន ៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះដោយផ្ទាល់ នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាល នៅក្នុងពន្ធនាគារ ប៉ុន្ដែមិនធូរស្រាល។ ក្រៅពីឧក្រិដ្ឋជន ៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នា ជាមួយកម្លាំងសមត្ថកិច្ច ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានរៀបរាប់ថា ក្រោយកើតហេតុភ្លាមៗ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលទាំងអស់ បានរួមគ្នាធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានដែលពួកគេរត់ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ដើម្បីលាក់ខ្លួនបណ្ដោះអាសន្ន ។
នៅយប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១៨ សីហា កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់បានទីតាំង ដែលឧក្រិដ្ឋជនលាក់ខ្លួន និងឈានដល់ការចាប់ខ្លួនបានជាបន្ដបន្ទាប់ ចំនួន៧នាក់។ ដោយឡែក សម្រាប់មេខ្លោងពិរុទ្ធជននោះ បានរត់គេចខ្លួនបាត់ ។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចកម្ពុជា បានដឹងទីតាំងប្រទេស ដែលមេខ្លោងនោះរត់ទៅលាក់ខ្លួនហើយ ហើយកំពុងតែសហការគ្នា យ៉ាងស្អិតរមួត ដើម្បីតាមការចាប់ខ្លួនឲ្យខាងតែបាន និងយកមកផ្ដន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងបំផុត មិនអាចលើកលែងបានឡើយ។
ឆ្លើយតបចំពោះការលើកឡើងថា តើករណីនេះអាចមានការឲ្យដៃពីផ្ទៃក្នុងដែរឬទេ ? នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអះអាងថា ក្នុងនាមជាមន្ដ្រីនគរបាលអ្នកអនុវត្តច្បាប់ កម្លាំងជំនាញនឹងស្រាវជ្រាវលើចំណុចនេះ ដើម្បីបញ្ចប់រាល់មន្ទិលសង្ស័យទាំងឡាយ ដែលបានលើកឡើង ក្នុងករណីរកឃើញមានការពាក់ព័ន្ធកម្រិតណានោះ នឹងអនុវត្តតាមផ្លូវច្បាប់ជាធរមានមិនលើកលែងឡើយ ។
តើហេតុការណ៍នេះ អាចដោយមានភាពចន្លោះប្រហោងរបស់អនុរក្សពន្ធនាគារដែរ ឬទេ ? នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិរូបនេះ បានទទួលស្គាល់ថា នេះអាចនិយាយបានថា ភាពចន្លោះប្រហោងរបស់សមត្ថកិច្ចពិតមែន ដោយសារតែកន្លងទៅ កម្ពុជាមិនដែលធ្លាប់មានករណីខ្មាន់កាំភ្លើងសម្រុកចូលមករំដោះអ្នកទោស បែបនេះឡើយ ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឲ្យដឹងថា អនុរក្សពន្ធនាគារនៅពេលបញ្ជូនពិរុទ្ធជនមេក្លោងគ្រឿងញៀននេះ ទៅកាន់គ្លីនិកធ្មេញ ក៏មានអាវុធទៅជាមួយដូចគ្នាដែរ ប៉ុន្ដែជាប្រភេទអាវុធវែង ទុកនៅក្នុងរថយន្ដ។ ប៉ុន្ដែពេលនោះ ប្រសិនបើអនុរក្សពន្ធនាគារ មានកាំភ្លើងកាន់នៅក្នុងដៃ ច្បាស់ណាស់ នឹងមានការប៉ះទង្កិចគ្នា ជាមួយក្រុមឧក្រិដ្ឋជន ហើយកាន់តែច្បាស់ទៀតនោះ គឺនឹងមានអ្នករងរបួស ឬអាចគ្រោះថ្នាក់ដល់អាយុជីវិត ក៏ថាបាន ៕