លោកយាយវ័យ៧៦ឆ្នាំ ជាប់ក្រោមផ្ទះបាក់រលំម្នាក់ឯងទល់ភ្លឺ បន្ទាប់ពីខ្យល់បក់បោកផ្ទះ៤៧ខ្នង ស្រុកបន្ទាយមាស…!

ខេត្តកំពត៖ស្រ្តីវ័យ៧៦ឆ្នាំម្នាក់ បានជាប់ក្រោមផ្ទះបាក់រលំ តាំងពីម៉ោងជាង២រំលងអាធ្រាត រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ទើបប្រជាពលរដ្ឋ និងអាជ្ញាធរដឹង ហើយជួយសង្គ្រោះ។ រឿងរ៉ាងដ៏គួរឱ្យសង្វែកនេះ បានកើតឡើងបន្ទាប់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង នៅស្រុកបន្ទាយមាស ខេត្តកំពត។

បើតាមសមត្ថកិច្ច ស្រ្តីរងគ្រោះមានឈ្មោះ ហេង សាវិន មានមុខរបរជាកសិករ និងរស់នៅផ្ទះតែម្នាក់ឯង។ ស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ច និងពលរដ្ឋជួយសង្គ្រោះនៅពេលព្រឹកទៅហើយ បន្ទាប់ពីមូលដ្ឋានភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវជួបគ្រោះធម្មជាតិបំផ្លាញផ្ទះ៤៧ខ្នង។

សមត្ថកិច្ចបន្ថែមថា ផ្ទះរបស់ស្រ្តីរងគ្រោះ សង់ពីឈើប្រក់ក្បឿង ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ និងស្ថិតក្នុងចំណោមផ្ទះអ្នកភូមិ៧ខ្នងដែលបាក់រាបដល់ដី ខណៈផ្ទះ៤០ខ្នងទៀតត្រូវរបើកដំបូល។ ស្រ្តីរងគ្រោះបានជាប់នៅក្រោមផ្ទះនោះ ក្នុងសភាពរងបួសច្រើនកន្លែង និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕