កូរ៉េខាងជើងបាញ់សំញ៉ែង មីស៊ីល២គ្រាប់ ក្រោយនាវាមុជទឹកដើរដោយថាមពលនុយ.ក្លេអ៊ែរអាមេរិកចូលដល់ភាគខាងត្បូង…
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចំនួន២គ្រាប់ ចូលទៅក្នុងសមុទ្រ ដោយបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ប៉ុន្មានម៉ោងបន្ទាប់ពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានមកដល់មូលដ្ឋានទ័ពជើងទឹកមួយកន្លែងនៅភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន ក៏បានរាយការណ៍ពីការបាញ់បង្ហោះនូវអ្វីដែលខ្លួនបាននិយាយថា ជាមីស៊ីលបាលីស្ទិក២គ្រាប់របស់កូរ៉េខាងជើង ដែលទាំង ២គ្រាប់នេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
ការបាញ់បង្ហោះនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាត់វិធានការដើម្បីបង្កើនការត្រៀមលក្ខណៈយោធារបស់ពួកគេ ប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាមួយនឹងការដាក់សម្ញែងអាវុធយោធាជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។
កូរ៉េខាងជើងបានខឹងសម្បារយ៉ាងខ្លាំងដោយនិយាយថា ការដាក់ពង្រាយ ឬ អួតសម្ញែងបែបនេះអាចបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន។
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដែលខ្លួនបានពិពណ៌នាថាជាអស្ថិរភាព។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ យោធាអាមេរិកបានបន្ថែមថា ការបាញ់បង្ហោះមិនបានបង្កការគំរាមកំហែងភ្លាមៗដល់ប្រជាជន និងទឹកដី ឬចំពោះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនោះទេ។
ដោយឡែក កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថា នៅព្រឹកថ្ងៃចន្ទនេះ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានចូលមូលដ្ឋានទ័ពជើងទឹកនៅកោះ Jeju ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ដើម្បីផ្ទុកការផ្គត់ផ្គង់អាវុធដល់យោធា ពេលកំពុងបំពេញបេសកកម្មប្រតិបត្តិការដែលមិនមានការបញ្ជាក់អ្វីបន្ថែមទេ។
សូមជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅ កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងកាត់ចូលសមុទ្រនៅឆ្នេរភាគខាងលិច។ ខណៈកាលពីសប្ដាហ៍មុន ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងបាញ់មីស៊ីលផ្លោង បន្ទាប់ពីនាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានមកដល់កំពង់ផែកូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីទសវត្សរ៍១៩៨០៕