គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំបុកនិងម៉ូតូ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តនិមិត្តសុធីរាម (វត្តកូនដំរី) បណ្តាលឲ្យកម្មករម្នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត!!!
មក
ខេត្តបន្ទាយមានជ័យ៖ នគរបាលអះអាងថា គ្រោះថ្នាក់ចរាចរណ៍បណ្តាលពីអ្នកបើកម៉ូតូឡើងវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ទើបកម្មករម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះនៅ វេលាម៉ោង ០៦និង៤២នាទីព្រឹក លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តនិមិត្តសុធីរាម (វត្តកូនដំរី) ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សោម ស៊ីណែល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាមានជ័យ បើកបរម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BE-5036 ។
នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូក្នុងទិសដៅពីកើតទៅលិច ស្របគ្នាជាមួយរថយន្តស៊ឺមីរ៉ឺម៉កហ៊ីណូ ពណ៌ស ក្បាលរថយន្តពាក់ផ្លាកលេខ ភ្នំពេញ 3F-3588 រ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-7612 ពេលដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងពុំផុតក៏បានទាក់ដៃចង្កូតម៉ូតូ និងផ្នែកខាងស្តាំរថយន្តបណ្តាលអោយបោកនិងរថយន្តគ្រោះថ្នាក់ស្លា-ប់ តែម្តង។
មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានបន្តឲ្យដឹងថាអ្នកបើកបររថយន្ត (ក្តាប់ឈ្មោះពុំបាន) ក្រោយកើតហេតុបានទុករថយន្តចោលចុះរត់គេចខ្លួនបាត់ ចំពោះម៉ូតូខូចខាតស្រាល រីឯរថយន្តពុំមានខូចខាតនោះឡើយ។
នៅពេលកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតក៏បានចុះដល់ទីតាំងកើតហេតុធ្វើការវាស់វែងរួចក៏នាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរងចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយចំណែក សពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។