ខេត្តពោធិ៍សាត់៖ កម្លាំងអន្តរាគមន៍ក្រុងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដី និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញីចេញល្បាតក្នុងភូមិសាស្ត្រ បានឃាត់ខ្លួនបុរសចំនួន០៣នាក់ពាក់ព័ន្ធ ករណីបាញ់កញ្ចក់រថយន្តកាលយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក កែ សារិក អធិការនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនរួមមាន៖ទី១-ឈ្មោះ ហាវ លេញ អាយុ៣២ឆ្នាំ រស់នៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(ម្ចាស់ជំពាមកៅស៊ូ) ,២-ឈ្មោះ សុខ ចាងហ្វាង អាយុ១៨ឆ្នាំ និងទី៣-ឈ្មោះ រុម រីម អាយុ២៣ឆ្នាំ (អ្នកទាំងពីររស់នៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់)។ ចំពោះវត្ថុតាងដែលដកហូតបានមាន៖ ជំពាមកៅស៊ូ០១ គ្រាប់ឃ្លី០១ គ្រាប់បាដាងឡាន០១ ទូរសព្ទ០២គ្រឿង និងម៉ូតូ០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ យ៉ាងណាមិញ ចំពោះករណីនេះបានបង្ហាញឱ្យយើងដឹងថាការប្រព្រឹត្តិអំពើអ្វីក៏ដោយ ដែលអាចបង្កអសន្តិសុខដល់សង្គមនោះនឹងត្រួវមានទោសដោយមិនអាចលើកលែងទ្បើយ ប្រទេសមានច្បាប់មិនចេះតែធ្វើតាមតែចិត្តនូវទង្វើណាដែលសង្គមស្អប់ខ្ពើមដូចជាករណីខាងលើនេះជាឧទាហរណ៍ស្រាប់ធ្វើខុសគឺសមត្ថកិច្ចឃាត់ខ្លួន៕