
គ្រោះធម្មជាតិ២ផ្ទួនគ្នា វាយប្រហារកូរ៉េខាងត្បូងបណ្តាលអោយមនុស្ស៧នាក់ស្លាប់ និងជាង១០០០នាក់ត្រូវបានជម្លៀសចេញ…
គ្រោះធម្មជាតិ២ផ្ទួនគ្នា វាយប្រហារប្រទេសកូរ៉េខាងត្បូងបណ្តាលអោយមនុស្ស៧នាក់ស្លាប់ និងជាង១០០០នាក់ត្រូវបានជម្លៀសចេញ…
កូរ៉េខាងត្បូង៖ ក្រុមមន្ត្រីបាននិយាយថា មនុស្ស៧នាក់ បានស្លាប់ ៣នាក់បាត់ខ្លួន ៧នាក់រងរបួស និងរាប់ពាន់នាក់ទៀតត្រូវបានជម្លៀសចេញនៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃសៅរ៍នេះ ខណៈដែលថ្ងៃទី៣ នៃភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមានការបាក់ដី និងកម្រិតទឹកឡើងខ្ពស់ជាងទំនប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។
បើយោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានឲ្យដឹងថា គិតត្រឹមម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) មនុស្សប្រមាណជា ១,៥៦៧នាក់ ត្រូវបានជម្លៀសចេញនៅទូទាំងប្រទេស ហើយចំនួននេះអាចកើនឡើងនៅពេលដែលទឹកបានហក់ឡើងខ្ពស់ជាងទំនប់នៅក្នុងខេត្ត Chungcheong ខាងជើង។
យោងតាមអាជ្ញាធរខេត្តបានឲ្យដឹងថា បទបញ្ជាជម្លៀសរបស់រដ្ឋាភិបាលក្នុងតំបន់បានក្ដោបលើចំនួនមនុស្សជាង៧,០០០នាក់ នៅក្នុងពេលផ្សេងៗគ្នា។ គិតត្រឹមម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃសៅរ៍ ទឹកជាង ២,៧០០តោន ក្នុងមួយវិនាទីបានហូរចូលទៅក្នុងទំនប់ Goesan ដែលជាចំនួនអតិបរមា។
ក្រុមហ៊ុន Korea Railroad Corp បាននិយាយថា ខ្លួនកំពុងបញ្ឈប់រថភ្លើងល្បឿនយឺតទាំងអស់ និងរថភ្លើងល្បឿនលឿនមួយចំនួន ខណៈដែលរថភ្លើងល្បឿនលឿនផ្សេងទៀតអាចនឹងត្រូវពន្យារពេល ដោយសារប្រតិបត្តិការយឺត ដោយសារការរអិលបាក់ដី ការជន់លិចផ្លូវ និងថ្ម ដែលបានគំរាមកំហែងដល់សុវត្ថិភាពធ្វើដំណើរ។
ក្រសួងដឹកជញ្ជូនបាននិយាយថា រថភ្លើងល្បឿនយឺតមួយបានក្រឡាប់កាលពីល្ងាចថ្ងៃសុក្រ នៅពេលដែលការរអិលបាក់ដីបានធ្លាក់ដី និងខ្សាច់លើផ្លូវដែកក្នុងខេត្ត North Chungcheong ចំណែកឯអ្នកបើករថភ្លើងបានរងរបួស ប៉ុន្តែគ្មានអ្នកដំណើរណាម្នាក់នៅលើរថភ្លើងនោះទេ។
នៅក្នុងកិច្ចប្រជុំជាមួយទីភ្នាក់ងាររដ្ឋាភិបាល នាថ្ងៃសៅរ៍សប្ដាហ៍នេះ នាយករដ្ឋមន្ត្រី Han Duck-soo បានអំពាវនាវឲ្យយោធាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គ្រោះ ដោយធ្វើការជាមួយមន្ត្រីរដ្ឋាភិបាល ដើម្បីប្រមូលឧបករណ៍ និងកម្លាំងពលកម្មមកជួយសង្រ្គោះ៕