
លោកជំទាវអភិបាលខេត្តប៉ៃលិន នឹងចាត់វិធានការក្តៅ លើជនល្មើស ដែលយកគ្រឿង ចក្រទន្ទ្រានកាយដីជើងភ្នំ និងដីព្រៃភ្នំដោយខុសច្បាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន…!
ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុម ការងារ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ដល់ទីតាំង និង ចាត់វិធានការក្តៅ ចំពោះក្រុមជនល្មើស ដែលលួចយកគ្រឿងចក្រមកឈូសឆាយ ទន្ទ្រានកាន់ កាប់ដីព្រៃភ្នំរបស់រដ្ឋដោយខុសច្បាប់ ស្ថិតនៅចំណុចអូរកប់អង្ករ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកជំទាវ ជំរុញឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវស្វែងរកឱ្យឃើញអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងត្រូវចាប់ឱ្យបាននូវជនណា ដែលកំពុងមានសកម្មភាពបំផ្លាញដីព្រៃ ជីកកាយដីភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋនេះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយមិនត្រូវបន្ធូរដៃឡើយ ព្រោះបើមិនចាត់វិធានការក្ដៅៗនោះទេ ដីព្រៃភ្នំនៅតំបន់នេះ នឹងរងការឈូសឆាយកាន់ កាប់ជាទ្រព្យសម្បត្តិឯកជនបន្តបន្ទាប់អស់ហើយនៅថ្ងៃខាងមុខ។
លោកជំទាវអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយ ដល់ប្រជា ពលរដ្ឋ ឱ្យមានការយល់ដឹងច្បាប់ និងគុណសម្បត្តិនៃដីព្រៃភ្នំធម្មជាតិ ដើម្បីចៀសវាងពួកគាត់ ធ្វើការកាប់ទន្ទ្រាន ឈូលឆាយដីព្រៃ តំបន់ភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងណែនាំដល់អាជ្ញាធរភូមិ ឃុំ មិនត្រូវធ្វើការចុះហត្ថលេខា ឬទទួលស្គាល់ម្ចាស់កម្មសិទ្ធិ ដែលប្រើប្រាស់ដីព្រៃរបស់រដ្ឋឡើយ បើពុំនោះទេ អាជ្ញាធរភូមិ ឃុំ និងអ្នកពាក់ព័ន្ធដទៃ ទៀតក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ។
លោកជំទាវ បាន ស្រីមុំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទាំង អស់គ្នា ក្នុងការថែរក្សានូវព្រៃឈើ និងភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដើម្បីទុកជាប្រយោជន៍សម្រាប់ជាតិ និងសហគមន៍ ពិសេសថែរក្សាទុកឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ បាន ឃើញ និងបានស្គាល់ អំពីព្រៃឈើ និងភ្នំនានា ដែលជាទ្រព្យសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន ។
សូមបញ្ជាក់ថា បន្ទាប់ពីចុះពិនិត្យជាក់ស្តែងដល់ទីតាំងរំលោភបំពានដីរដ្ឋ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរៀបចំក្រុមការងារ ដែលមានមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការវាស់វែង កំណត់ព្រំ ប្រទល់ដីព្រៃភ្នំ ជាកម្មសិទ្ធិរបស់រដ្ឋ ឱ្យបានច្បាស់លាស់ ចៀសវាងមានជនឆ្លៀត ឱកាស លួចធ្វើការឈូសឆាយ ទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធិបុគ្គលបន្តទៀត៕