អភិបាលរងខេត្តមណ្ឌលគិរី ជម្រុញដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តកិច្ចការពារកុមារក្នុងខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់…!
មណ្ឌលគិរី៖ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ក្នុងពិធីបើកសិក្ខាសាលាស្តីពីកិច្ចការ ពារកុមារនៅក្នុងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកស្រី ដួង ផន សមាជិកក្រុមប្រឹក្សាខេត្ត លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សមាជិក សមាជិកា នៃក្រុមការងារកិច្ចការពារកុមារខេត្ត អភិបាលរងក្រុង/ស្រុកទាំង៥ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពក្រុង/ស្រុក មន្ត្រីការិយាល័យគាំទ្រឃុំ/សង្កាត់ និងតំណាងអង្គការដៃគូអភិវឌ្ឍនានា ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ដោយផ្អែកលើផែនការកិច្ចការពារកុមារ ២០២៣-២០២៥ ដែលបានរៀបចំឡើងដោយក្រុមការងារកិច្ចការពារកុមារខេត្តមណ្ឌលគិរី ដែលមានគោលបំណងសំខាន់ គឺដើម្បីពង្រឹងការសម្របសម្រួលចំពោះការទប់ស្កាត់ និងឆ្លើយតបទៅនឹងបញ្ហាកិច្ចការពារជាលក្ខណ:ប្រព័ន្ធ ដោយបានបន្ស៊ីសកម្មភាពកិច្ចការពារកុមារ ពីមន្ទីរពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍទាំងអស់ ដែលកំពុងអនុវត្តសកម្មភាពកិច្ចការពារកុមារក្នុងខេត្តមណ្ឌលគិរី។
លោកស្រី អភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ធ្វើការងាររួមគ្នា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការកិច្ចការពារកុមារថ្នាក់ខេត្តនេះ ដោយឈរលើគោលការណ៍ “មិនបង្កការឈឺចាប់ និងឧត្តមប្រយោជន៍របស់កុមារ ប្រកបដោយសមធម៌”។ លោកស្រី ក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ក្រុមការងារកិច្ចការពារកុមារខេត្តទាំងអស់ ចំពោះការប្ដេជ្ញាចិត្ត និងការចូលរួមអនុវត្តផែនការកិច្ចការពារកុមារថ្នាក់ខេត្ត ដើម្បីអនុវត្តផែនការនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពកិច្ចការពារកុមារនៅខេត្តមណ្ឌលគិរី មានភាពប្រសើរឡើង ដោយសារការចាត់វិធានការក្នុងការគ្រប់គ្រងការថែទាំកុមារនៅក្នុងមណ្ឌល ការបង្កើនសេវាគាំទ្រដល់កុមារ និងការបង្កើនកម្មវិធីបង្ការទប់ស្កាត់បញ្ហាកិច្ចការពារកុមារនៅក្នុងខេត្ត ក៍ដូចជាឆ្លើយតបនៅក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ១៩។ ប៉ុន្តែនៅមានកុមារមួយចំនួននៅតែមានការប្រឈមនឹងបញ្ហាកិច្ចការពារកុមារនៅឡើយជាពិសេសកុមារពិការ និងកុមារចំណាកស្រុក។ លោក បានថ្លែងអំណរគុណដល់មូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងក្រសួងមហាផ្ទៃ ដែលបានផ្តល់ថវិកា និងបច្ចេកទេស សំរាប់ការអនុវត្តផែនការកិច្ចការពារកុមារថ្នាក់ខេត្ត ដើម្បីលើកកម្ពស់ សុខុមាលភាព និងសុវត្ថិភាពកុមារនៅក្នុងគ្រួសារ និងសហគមន៍៕