កំពង់ធំ​៖​ ​ដោយមាន​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ ​ព្រះសង្ឃ​ ​តាមរយៈ​រដ្ឋបាល​សង្កាត់​ស្រ​យ៉ូ​វ​ ​..​

កំពង់ធំ​៖​ ​ដោយមាន​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ ​ព្រះសង្ឃ​ ​តាមរយៈ​រដ្ឋបាល​សង្កាត់​ស្រ​យ៉ូ​វ​ ​និង​ រដ្ឋបាល​ក្រុង​ស្ទឹង​សែន​ ​នា​ព្រឹក​ថ្ងៃ​ទី​៣​០​​ ខែ​ឧសភា ​ឆ្នាំ​២​០​២​៣​ ​ឯកឧត្តម​ ​ងួន​ ​រន​តៈ ​អភិបាល​ខេត្ត​កំពង់ធំ​ ​រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ​អ្នកម៉ៅការ​សាងសង់​ ​និង​ប្រជាពលរដ្ឋ​ ​អញ្ជើញ​ចូលរួម​ចុះ​ត្រួតពិនិត្យ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​១​ខ្សែ​ ​មាន​ប្រវែង​ ​៥​ពាន់​ម៉ែត្រ​ ​ពី​ផ្លូវជាតិ​លេខ​៦​ ​តភ្ជាប់​ទៅ​វត្ត​រលួស​ ​ដែល​ផ្លូវ​សេ​ដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​។​

​នៅ​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ​នេះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែង​ថា​ ​យោង​តាម​ការសង្កេត​ឃើញ​ទូទៅ​ ​ក៏ដូចជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ​និង​ចៅអធិការ​វត្ត​រលួស​ ​ផ្លូវ​នេះ​ថ្វីត្បិតតែ​វា​មិនសូវ​ពិបាក​ ​ប៉ុន្តែ​វា​ជា​ផ្លូវ​សេ​ដ្ឋកិច្ច​មួយ​ដ៏​សំខាន់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចរាចរ​រស់រវើក​ ​ជាពិសេស​ ​ដឹកជញ្ជូន​កសិផល​កសិកម្ម​ជាដើម​។​ ​ជាមួយគ្នា​នោះ​ដែរ​ ​អាជ្ញាធរ​ខេត្ត​ ​សម្រេច​ធ្វើការ​កែ​លម្អ​ផ្លូវ​ពី​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ ​ទៅជា​ផ្លូវ​ចាក់កៅស៊ូ​ ​មាន​ទទឹង​ ​៧​ម៉ែត្រ​ ​ប្រវែង​ ​៥​ពាន់​ម៉ែត្រ​ ​ចាប់ពី​ផ្លូវជាតិ​លេខ​៦​ ​តភ្ជាប់​រហូតដល់​វត្ត​រលួស​ ​ស្ថិតនៅ​ក្នុង​សង្កាត់​ស្រ​យ៉ូ​វ​ ​ក្រុង​ស្ទឹង​សែន​ ​ខេត្ត​កំពង់ធំ​ ​។​

​ជាមួយគ្នា​នោះ​ដែរ​ ​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​សំណូមពរ​ល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែងផ្សេង​ទៀត​ ​សូម​មាន​ការយោគយល់​ ​យើង​មាន​តម្រូវ​ការ​ច្រើន​ ​ក្នុង​ពេល​តែមួយ​ ​ថវិកា​មាន​ចំនួន​កំណត់​ ​យើង​នឹង​ព្យាយាម​ដោះស្រាយបញ្ហា​នានា​តាម​សំណូមពរ​របស់​ប្រជា​ប​ល​រដ្ឋ​ជាបន្តបន្ទាប់​ទៀត​ ​ទៅតាម​លទ្ធភាព​ដែល​យើង​មាន​ ​។​ ​ឯកឧត្តម​ ​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​គម្រោង​នៃ​ការ​សាងសង​ផ្លូវ​នេះ​ ​នឹង​ចាប់ផ្តើម​អនុវត្ត​ ​នៅ​ស​ប្តាហ៍​ក្រោយ​ ​នឹង​បញ្ចប់​ការ​សាងសង់​ឲ្យ​មុន​ថ្ងៃ​បោះឆ្នោត​នា​ពេល​ខាងមុខនេះ​ ​។​

​ឯកឧត្តម​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​សំណូមពរ​ល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ផ្លូវ​នេះ​ ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ក្នុង​ការសាងសង់​ផ្លូវ​ ​ប្រ​ក​ដោយ​ភាព​រលូន​ ​និង​ទុកជា​ប្រយោជន៍​រួម​សម្រាប់​យើង​ទាំងអស់គ្នា​ ​។​

​សូម​អាជ្ញាធរ​ក្រុង​ ​និង​សង្កាត់​ ​ត្រូវ​រៀបចំ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ជ្រាប​ ​មុននឹង​យើង​ដាក់គ្រឿង​ចក្រ​សាងសង់​ផ្លូវ​នេះ​ឡើងវិញ​នា​ពេល​ខាងមុខនេះ​។​