
សមត្ថកិច្ចខេត្តកំពត ប្រកាសចាប់ខ្លួនក្រុម យុទ្ធស្លុយ និងប្រកាសផ្តល់ប្រាក់រង្វាន់ ១លានរៀល ចំពោះអ្នកផ្តល់ដំណឹងពីការលាក់ខ្លួនក្រុមនេះ
កំពត៖ ស្នងកាតដ្ឋាននគរបានខេត្តកំពត បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ ១លានរៀល សម្រាប់ប្រជាពលរដ្ឋដែលបានផ្តល់ដំណឹង ឬទីតាំងរហូតឈានទៅដល់ចាប់ខ្លួនយុវជន យុទ្ធស្លុយ(Original) បាន។
យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរយ៉ាងដូច្នេះថា៖ “យុទ្ធអើយយុទ្ធ ទៅដល់ណាបាត់ហើយ បងកំពុងរង់ចាំប្អូន ថវិការចំនួនមួយលានរៀលនឹងផ្តល់ជូនបងប្អូនណាដែលផ្តល់ពត៏មានជាក់លាក់ឈានទៅដល់ការឃាត់ខ្លួនប្អូនយុទ្ធបាន”។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានក្មេងទំនើងមួយក្រុម ដែលមានរហ័សនាមថា យុទ្ធស្លុយ បានបង្ហោះវីដេអូលើបណ្តាញសង្គម Facebook ពីការប្រើប្រាស់ហឹង្សា ថាខ្លួនបានមកកាប់អ្នកខេត្តកំពត នៅម្តុំរមណីយដ្ឋានស្រះឈូក ជាច្រើនលើកច្រើនសារមកហើយ ព្រមទាំងបានចេញវីដេអូឌឺដងសមត្ថកិច្ចទៀតផង។
ក្រោយពីឃើញមានវីដេអូទាំងនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកការស្រាវជ្រាវរកក្រុមក្មេងទំនើងទាំងនោះ រហូតឈានដល់ការឃាត់ខ្លួនបានបក្សពួក យុទ្ធស្លុយ បានចំនួនពីរនាក់ ដោយសមត្ថកិច្ចខេត្តកំពត សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកែប។ បច្ចុប្បន្ន យុទ្ធស្លុយ (Original) បាននិងកំពុងរត់គេចខ្លួន៕