ភិបាលខេត្តកំពង់ធំ ជំរុញសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣..

រដ្ឋបាលខេត្តកំពង់ធំ  ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ប្រែង សាវុធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថាគណៈបញ្ជាការឯកភាពគឺជាគណៈអចិន្ត្រៃយ៍គ្រប់គ្រងសន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតដឹកនាំកិច្ចប្រជុំការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលយើងគិតទៅនៅសល់មិនដល់ឆ្នាំ ៦០ ថ្ងៃទៀតនោះទេ ។

ឯកឧត្តម អភិបាលខេត្ត បន្តថា សមត្ថភាពធានាឲ្យបានសន្តិសុខសណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងមានតម្លាភាព ជូនប្រជាពលរដ្ឋក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ដែលទាមទារឲ្យមានការផ្សព្វផ្សាយ ។ ម្យ៉ាងវិញទៀត ការិយាល័យបោះឆ្នោតមានការកើនឡើង ដែលទាមទារឲ្យមានការប្រើប្រាស់កម្លាំងច្រើន ធានាទៅនឹងការរក្សាសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ដើម្បីទទួលបាននូវការផ្សព្វផ្សាយនិងខ្លឹមសាររួមក៏ដូចជាយន្តការរចនាសម្ព័ន្ធទាក់ទងនឹងកិច្ចការពារសន្តិសុខសម្រាប់ធ្នាប់នៅក្នុងការបោះឆ្នោតជារើសតំណាងរាស្ត្រនៅពេលខាងមុខនេះ។

ឯកឧត្តម ងួន រតនៈ បន្តទៀតថា ការចូលរួមរបស់ភ្នាក់ងារបក្សនយោបាយគឺពិតជាល្អប្រសើរ ពិសេសចាត់ចែងគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស សម្ភារៈ ឧបករណ៍ បច្ចេកទេស និងមធ្យោបាយ គ្រប់ប្រភេទរបស់មន្ទីរ អង្គភាពពាក់ព័ន្ធដែលមានស្រាប់ក្នុងទិសដៅជម្រុញយុទ្ធនាការការពារការការបោះឆ្នោតឱ្យទទួលបានជោគជ័យ ។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមក្នុងកិច្ចការពារសុខសុវត្ថិភាពក្នុងដំណើរការបោះឆ្នោត និងជំរុញដល់អាជ្ញាធរក្រុង ស្រុកក៏ដូចជាកងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យមកបោះឆ្នោតឲ្យបានគ្រប់គ្នាជាពិសេសអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងកាន់ភ្ជាប់នូវឯកសារដែលអាចយកទៅបោះឆ្នោតបាន៕