គូភាគីម្ចាស់គ្រឿងចក្រនិងម្ចាស់គំរោងទាំងសងខាងពិភាគសារលើការសាងសង់មណ្ឌលវប្បធម៌សាសនា របស់សម្ដេចសង្ឃ យ៉ាងណាក៏ដោយក៏មិនត្រូវគ្នាដែរព្រោះតែលុយកាក់…!

ខេត្តសៀមរាប ៖ ដោយសារតែគម្រោងសាងសង់មណ្ឌលវប្បធម៌សាសនា របស់សម្ដេចសង្ឃរាជទេព វង្ស នៅមិនទាន់ដំណើរការ អាជ្ញាធរសង្កាត់ជ្រាវ នៅតែអនុវត្តន៍តាមកំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដោយយល់ព្រមសងលុយទៅតាមដំណាក់កាល។

លោក គង់ ប៊ឹប បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣ នេះថា កាលពីពេលថ្មីៗកន្លងទៅនេះ រូបលោកនិងលោកក្អោប រ៉ន ព្រមទាំងម្ចាស់គ្រឿងចក្រ ឈ្មោះលោក ជា គឹមឆៃ ហៅ ស៊ីន ដោយមានមេធាវី បានជួបពិភាក្សាគ្នាដើម្បីរកដំណោះស្រាយរួមគ្នា។

គ្រានោះលោកបានប្រាប់ទៅម្ចាស់គ្រឿងចក្រឈ្មោះលោក ជា គឹមឆៃ ហៅ ស៊ីន ថា ដោយអនុវត្តន៍តាមកំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដោយតម្រូវឲ្យរូបលោកនិង លោកក្អោប រ៉ន សងប្រាក់ចំនួន៥ម៉ឺនដុលារគឺ(ម្នាក់ពាក់កណ្តាល)។

កន្លងទៅលោកបានយល់ព្រមប្រគល់ប្រាក់របស់លោកផ្ទាល់ចំនួន១ម៉ឺនដុល្លារ ទៅឲ្យលោក ជា គឹមឆៃ ហៅ ស៊ីន រួចហើយដូច្នេះលោកនៅខ្វះតែ១៥០០០ដុល្លារទៀតលោកក៏ត្រៀមយកមកប្រគល់ទាំងអស់ តែលោកស៊ីងមិនព្រម។ក្នុងរឿងនេះលោកក៏ជាជនរងគ្រោះដែរ ព្រោះការជីកកាយដីនោះមិនមានយកទៅចាក់ក្នុងដីឡូតិ៍ ឬផ្ទះរបស់គាត់នោះទេ។

ដោយឡែកពាក់កណ្តាលគឺជាបន្ទុករបស់លោក ក្អោប រ៉ន ដែលបានសន្យាសងប្រាក់ដរាបណា គម្រោងសាងសង់មណ្ឌលវប្បធម៌សាសនា របស់សម្ដេចសង្ឃដំណើរការឡើងវិញតែបើមិនដំណើរការទេលោកឲ្យគិតប្រាក់សិនចុះ នៅពេលណាដែលលោកមានប្រាក់លោកនឹងសងគ្រប់ចំនួន។

លោកបន្ថែមទៀតថា នៅក្នុងជំនួបនោះបានបរាជ័យ ដោយសារលោក ជា គឹមឆៃ ហៅ ស៊ីន បានឲ្យលោកសងប្រាក់ទាំងអស់នោះសិន ទើបយល់ព្រមបញ្ចប់រឿង លោកបន្តថា ប៉ុន្មានថ្ងៃក្រោយមក ក៏មានព័ត៌មានផ្សាយចោទប្រកាន់គ្នាទៅវិញទៅមកទាំងកំរោល។

លោកបញ្ជាក់ថា លោកសុំតែភាពស្អាតស្អំប៉ុណ្ណោះសុំកុំវាយប្រហារខុសរឿង ហើយលោកក៏មិនបានគេចវេសដូចការលើកឡើងនោះដែរ សូមមើលលិខិតស្នាម និងយោងកំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ផង។

ចំណែកលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក៏បានឲ្យដឹងតាមទូរស័ព្ទ ដែរថា ការជំពាក់លុយគ្រឿងចក្រ លោកបានសន្យាសងទៅតាមការសម្រេច កំណត់ហេតុសះជា របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង តែគម្រោងខាងលើនៅមិនទាន់ដំណើរការ ទើបធ្វើឲ្យលោកមានការពិបាកដោះស្រាយ។

ដោយឡែកលោក ជា គឹមឆៃ ហៅ ស៊ីន បានបង្ហោះក្នុងហ្វេសបុក ឈ្មោះ(xing Angkor) ដោយទទួចសុំឲ្យលោក គង់ ប៊ឹប និងលោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ សងលុយគ្រប់ចំនួន៥ម៉ឺនដុល្លារ។

សូមរម្លឹកថា គម្រោងសាងសង់មណ្ឌលវប្បធម៌សាសនា របស់សម្ដេចសង្ឃរាជ ទេពវង្ស នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលត្រូវបានផ្អាកបណ្តោះអាសន្នកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០១៩ ដើម្បីរង់ចាំមានច្បាប់ទម្លាប់ត្រឹមត្រូវ ទើបដំណើរការឡើងវិញ។