ឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ញាណ សំបូរ ល្បីខាងរកស៊ីបោកប្រាសហើយចេញសែកស្អុយ

សៀមរាប ៖ ស្ត្រីអ្នកជំនួញដ៏ល្បីល្បាញប្រចាំខេត្តសៀមរាបម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងកាដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនទៅតាមបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធ និងករណីចេញសែកស្អុយ ជាង៣០ម៉ឺនដុល្លារ។

ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅល្ងាចថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ខណ:កំពុងធ្វើដំណើរតាមផ្លូវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ញាណ សំបូរ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបររកស៊ី បច្ចុប្បន្នស្នាក់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបពាក់ព័ន្ធករណី: មិនបំពេញកត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញ ដូរបាន កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ ២០២២ ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានទំនាក់ទំនង យកភេសជ្ជៈជាច្រើន ពីក្រុមហ៊ុនរបស់ជនរងគ្រោះ ឈ្មោះ ថោង គយហេង ភេទប្រុស អាយុ ៤១ឆ្នាំ ទៅលក់បន្ត សរុបជាទឹកប្រាក់ ស្មើនិងចំនួន៥ម៉ឺនដុល្លារ ( ប្រាំម៉ឺនដុល្លារ )។បន្ទាប់មក ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានចេញមូលប្បទានបត្រ ០១សន្លឹក លេខ:657804 របស់ ធនាគារស្ថាបនា មានទឹកប្រាក់ ៥ម៉ឺន( ប្រាំម៉ឺន ដុល្លារ ) ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២ ឲ្យឈ្មោះ សេង សុគីម ត្រូវជាប្រពន្ធរបស់ជន រងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន ប៉ុន្តែដល់ថ្ងៃកំណត់ ជនរងគ្រោះ បានយកមូលប្បទានបត្រខាងលើទៅបើកប្រាក់ តែត្រូវបានបុគ្គលិកធនាគារ ចេញលិខិតបញ្ជាក់ថា មូលប្បទានបត្រខាងលើនេះ គ្មានសាច់ប្រាក់នោះទេ ហើយជនសង្ស័យ ឈ្មោះ ញាណ សំបូរ ចេះតែព្យាយាមគេចវេស រហូតមកដល់ពេលនេះ។

តាមចម្លើយរបស់ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានឆ្លើយសារភាពថា៖ គាត់ពិតជាបានចេញ មូល្បទានបត្រខាងលើនេះ ទៅជនរងគ្រោះ ដែលមានទឹកប្រាប់ចំនួន៥ម៉ឺន ( ប្រាំម៉ឺនដុល្លារ ) ពិតប្រាកដមែន ដោយប្រាក់ខាងលើនេះ គាត់បង្វិលពីជនរងគ្រោះ មកទិញដី ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឲ្យជនរងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន តែដល់ថ្ងៃកំណត់ គាត់មិនមានប្រាក់ ដាក់បញ្ចូលក្នុងមូលប្បទានបត្រខាងលើនេះ ឲ្យជនរងគ្រោះនោះទេ ហើយរហូតមកដល់ពេលនេះ គាត់ក៏មិនទាន់មានប្រាក់សម្រាប់ទូទាត់ឲ្យជនរងគ្រោះវិញនោះដែរ។បើតាមប្រភពករណី «មិនបំពេញកត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» នេះមានក្រដាសសែកចំនួន៤សន្លឹក ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ប៉ុន្តែសែកមិនមានលុយទាំងអស់។

បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕