ពលរដ្ឋ១១គ្រួសារ នៅស្រុកសំឡូត ប្ដឹងមន្ដ្រីពន្ធនាគារម្នាក់នៅខេត្តបាត់ដំបង ដែលឆបោកលុយរាប់ម៉ឺនដុល្លារ យកមករត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាល…

  1. បាដំបង៖ប្រជាពលរដ្ឋចំនួន១១គ្រួសារ រស់នៅភូមិ ឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នា ប្ដឹងទៅមន្ដ្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់មានឈ្មោះ ស៉ឹម សុខុន ដោយចោទប្រកាន់ថា ស្ដ្រីឈ្មោះ ស៉ឹម សុខុន បានឆបោកលុយពួកគាត់សរុបអស់ជាច្រើនម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។

ពាក់ព័ន្ធក្នុងពាក្យបណ្តឹង ប្ដឹងសុំអន្ដរាគមន៍ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន យើងខ្ញុំ ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក អ៊ុន កុសល ដែលជាតំណាងឲ្យប្រជាពលរដ្ឋចំនួន១១គ្រួសារ បានធ្វើការរៀបរាប់ដូចខាងក្រោមនេះ៖

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ យើងខ្ញុំទាំង១១នាក់ បានយកថវិកាទៅប្រគល់ជូនលោកស្រី ស៊ឹម សុខុន នៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ ដោយមាន លោក ម៉ៅ ណាត លោកប្រាជ្ញ សុវណ្ណមន្នី និងលោក ម៉ៅ សំរេច ជាអ្នកបានឃើញ យើងខ្ញុំទាំងអស់គ្នា១១នាក់ ជួបប្រគល់ថវិកាទៅលោកស្រីពិតប្រាកដមែន ដោយគាត់សន្យា និងជួយរត់ការប្រឡងចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ ប្រសិនបើមិនបាន គាត់និងប្រគល់ថវិកាជូនវិញគ្រប់ចំនួនទាំងអស់វិញ មិនឲបាត់សូម្បីតែ១រៀល ដោយគាត់អះអាងថាគេ និងជ្រើសរើសចេញពីជួរយុវជន គណបក្សប្រជាជនកម្ពុជា។

ក្រោយមកដល់ពេល ថ្ងៃកំណត់ប្រឡងរួចតែលទ្ធផល មិនបានជាប់ដូចការសន្យា ទើបយើងខ្ញុំទាំងអស់គ្នាសម្រេចចិត្ត សុំដកយកថវិកាមកវិញ តែរយ:ពេលមួយឆ្នាំហើយមិនព្រមឲ្យគាត់ថាចេះថាចុះ យើងខ្ញុំទាំងអស់គ្នាកើតទុកមិនសុខចិត្តក៏សម្រេចដាក់ពាក្យបណ្តឹងទៅ សាលាខេត្តបាត់ដំបង ហើយអភិបាលរងខេត្ត បានព្យាយាមដោះស្រាយសម្រប់សម្រួលចំនួន៣លើក តែមិនបានថវិកាមកវិញទើប យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដោះស្រាយ និងរកយុត្តិធម៌ ជូនយើងខ្ញុំឲ្យបានថវិកាគ្រប់ចំនួន៩៤,៧០០ដុល្លាអាមេរិក មកវិញផងតាមឈ្មោះ និងចំនួនថវិកាដូចក្នុងតារាងភ្ជាប់ជូន។

តាមសេចក្ដីដូចបានគោរពជម្រាបជូនខាងលើសូម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងសម្រេចដោយសេចក្ដីអនុគ្រោះផងទាន។

ជុំវិញករណី ពាក់ព័ន្ធការចោទប្រកាន់នេះ បណ្ដាញព័ត៌មាន យើងខ្ញុំ មិនទាន់អាចសុំការបកស្រាយ ពីលោកស្រី ស៉ឹម សុខុន បាននៅឡើយទេ គិតត្រឹមពេលចេញផ្សាយនេះព្រោះកំពុងស្វែងរកប្រភពបន្តទៀត៕