សេចក្តីប្រកាសព័ត៌មាន របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ..

យោងតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៣និង១០នាទីទៀបភ្លឺ នាយចំណង់ ណុប ពុត្ថា មុខងារជំនួយការមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះល្បាតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ ហើយប្រទះឃើញគោយន្តកន្ត្រៃដឹកឈើចំនួន៤គ្រឿង ក៏បានរាយការណ៍ជូនទៅលោក សាយ វាសនា ព្រះរាជអាជ្ញារង ខណៈនោះ លោកព្រះរាជអាជ្ញារង បានបញ្ជាឱ្យ ណុប ពុត្ថា ឃាត់គោយន្តនោះ ប៉ុន្តែគោយន្តដឹកឈើ​ទាំងនោះមិនព្រមឈប់ ព្យាយាមបើករត់គេចចូលតាមច្រកទៅភូមិបន្ទាយចាស់។ នាយ​ចំណង់ ណុប ពុត្ថា បានបន្តដេញតាមនិងបានរាយការណ៍ជូនលោកព្រះរាជអាជ្ញារង ជាបន្តបន្ទាប់ ជាមួយគ្នានោះ លោកព្រះរាជអាជ្ញារង បានបញ្ជាឱ្យរដ្ឋបាលព្រៃឈើមកតាមក្រោយ។ គោយន្តដឹកឈើទាំងនោះ បានបើកបំបែកគ្នាជាច្រើនផ្លូវ នាយសំណង់ ណុប ពុត្ថា បានដេញតាមគោយន្តដឹកឈើមួយគ្រឿងជាប់រហូត ដោយមានឯកសណ្ឋានត្រឹមត្រូវនិងបានលើកភ្លើង​ដំបងចរាចរណ៍បញ្ជាឱ្យឈប់ តែអ្នកបើកបរគោយន្តមិនព្រមឈប់។ លុះដល់ភូមិបន្ទាយចាស់ គោយន្តនោះបានបើកចូលក្នុងផ្ទះ ពេលនោះ ណុប ពុត្ថា បានឈប់នៅខាងមុខផ្ទះនោះដែរ រំពេចនោះម្ចាស់គោយន្តបានដាក់លេខថយក្រោយយ៉ាងលឿនមកបុករថយន្តរបស់នាយចំណង់ ណុប ពុត្ថា ពេញទំហឹងបណ្តាលឱ្យខូចខាត។ បន្ទាប់មក ម្ចាស់គោយន្តបានបើកទៅមុខបន្តិចរួចដោះក្បាលម៉ាស៊ីនបំបែកចេញពីតួយកទៅទុកនៅក្រោមផ្ទះ និងបានលើកទម្លាក់ឈើចេញពីគោយន្ត។ ពេលទម្លាក់ឈើប្រពន្ធកូនរបស់អ្នកបើកបរគោយន្តក៏នៅទីនោះជួយទម្លាក់ឈើផងដែរ ក្រោយពេលទម្លាក់ឈើរួចហើយ អ្នកបើកបរគោយន្តបានយកម៉ូតូជិះគេចខ្លួនមិនត្រឡប់មកវិញទេ។ បន្ទាប់មកមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ថ្ម បានមកដល់ទីកន្លែងកើតហេតុនោះដែរ។ ប្រពន្ធរបស់អ្នកបើកបរគោយន្តនិងសាច់ញាតិ បានសម្របសម្រួលជាមួយ ណុប ពុត្ថា សុំធ្វើការសងថ្លៃខូចខាតរថយន្តក៏បានព្រមព្រៀងគ្នាចំនួន៤លានរៀល ពេលនោះ ណុប ពុត្ថា ក៏បាននិយាយថា លុយ៤លានរៀលនេះគឺជាសំណងការខូចខាតរថយន្ត​ប៉ុណ្ណោះ ចំណែករឿងបទល្មើសព្រៃឈើ គឺជារឿងផ្សេងរបស់ជំនាញរដ្ឋបាលព្រៃឈើ។ រហូតដល់ម៉ោង១០និង១០នាទីព្រឹក ថ្ងៃខែដដែល ដោយមានបញ្ជាពីលោកព្រះរាជអាជ្ញារង សាយ វាសនា បានឱ្យជំនាញរដ្ឋបាលព្រៃឈើកំ​ពង់ថ្ម និងនាយចំណង់ ណុប ពុត្ថា យករថយន្តស្ទួចទៅដឹកជំនៀកឈើ និងគោយន្តកន្ត្រៃមករក្សាទុកនៅរដ្ឋបាលព្រៃឈើកំពង់ថ្ម។ ឈ្មោះ មាស ធូ ត្រូវជាប្រពន្ធរបស់អ្នកបើកបរគោយន្ត បានទទួលស្គាល់ថា យល់ព្រមសម្របសម្រួលសងការខូចខាតថ្លៃជួសជុលរថយន្តចំនួន៤លានរៀល ប៉ុន្តែគាត់ស្មានថាលុយ៤លាន​រៀលដែលប្រគល់ឱ្យនោះ ដោះស្រាយបានទាំងគោយន្តនិងជំនៀកឈើត្រឡប់មកវិញ។

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាប​ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធជ្រាបថា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញបុគ្គលដែលពាក់ព័ន្ធឈ្មោះ ហាយ ហៀង ជាអ្នកបើកបរគោយន្ត និងប្រពន្ធឈ្មោះ មាស ធូ មកបំភ្លឺអំពីករណីខាងលើនេះ ដោយធ្វើការសម្របសម្រួលតាមគោលគំនិតដឹកនាំនិងការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោកគឺ “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។ លោក ហាយ ហៀង បានទទួលស្គាល់កំហុសដោយអចេតនាក្នុងការបើកគោយន្តកន្ត្រៃដឹកជំនៀកឈើចូលក្នុងផ្ទះ និងរអិលថយក្រោយបានបណ្ដាលឱ្យប៉ះខូចរថយន្តឈ្មោះ ណុប ពុត្ថា ពិតមែន។ ដោយឃើញទិដ្ឋភាពគ្រួសារមានជីវភាពខ្វះខាតនិងជួបការលំបាកជំពាក់លុយធនាគារផងនោះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានឧបត្ថម្ភថវិកាចំនួន៤លានរៀល ទៅឱ្យឈ្មោះ មាស ធូ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ។ ជាមួយគ្នានោះ លោក ហាយ ហៀង និងប្រពន្ធឈ្មោះ មាស ធូ ក៏សូមអភ័យទោសការបង្ហោះព័ត៌មាន ដោយសារពួកគាត់មិនយល់អំពីច្បាប់។

កងរាជអាវុធហត្ថយើងខ្ញុំ រងចាំទទួលព័ត៌មាន ឬការផ្តល់មតិក្នុងន័យស្ថាបនាដែលពាក់ព័ន្ធនឹងសកម្ម​ភាព​ការងាររបស់កងរាជអាវុធហត្ថ ដើម្បីកែតម្រូវ ឆ្លើយតប បកស្រាយឱ្យយល់ដឹងពីការពិត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងបុគ្គល​ដែលពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយព័ត៌មាននេះផង៕

ដោយៈ ព្រាប ស