រថយន្តទំនើបបើកឆ្លងកាត់ផ្លូវដែកត្រូវរថភ្លើងបុកឱ្យខូចខាតយ៉ាងដំណំ

បាត់ដំបង៖រថភ្លើងដឹកអ្នកដំណើរបានបុករថយន្តទំនើបពេលកំពុងបើកឆ្លងកាត់ផ្លូវដែកមិនប្រយ័ត្នបណ្តាលរងការខូចខាតផ្នែកក្រោយយ៉ាងដំណំតែមិនគ្រោះថ្នាក់ដល់មនុស្សទេ។

ពលរដ្ឋបានឱ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា។មុនកើតហេតុរថភ្លើងដឹកមនុស្សមានលេខសម្គាល់ AS-1003 បានធ្វើដំណើរពីទិសភ្នំពេញ-បាត់ដំបងដឹកភ្ញៀវពេញ។ពេលនោះស្រាប់តែមានរថយន្តទំនើបម៉ាក NISSAN ផ្លាកលេខ ភ្នំពេញ 2BQ-2557 បើកឆ្លងផ្លូវដែកជិតផុតត្រូវរថភ្លើងមកដល់បុកពេញទំហឹងបណ្តាលឱ្យខូចខាតផ្នែកក្រោយយ៉ាងដំណំ។ ចំណែករថភ្លើង បែកកញ្ចក់ភ្លើងហ្វាខាងមុខតែមិនគ្រោះថ្នាក់ដល់មនុស្សទេ។

បន្ទាប់មកម្ចាស់រថយន្តទាមទារឱ្យខាងរថភ្លើងសងខូចខាតព្រោះពេលរថយន្តឆ្លងកាត់នេះពេលរថភ្លើងជិតមកដល់មិនមានភ្នាក់ងារប្រាប់ដំណឹងឡើយ។ នគរបាលចរាចរណ៍ខេត្ត បាននាំយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយ៕