ពិធីជួបសំណេះសំណាលជាមួយយោធិនចូលសោធនិវត្តន៍ និងយោធិនពិការ នៅទីបញ្ជាការកងការពារ​ព្រំដែន​លេខ៥០៣…!

ខេត្តបន្ទាយមានជ័យ​ ៖ លោកឧត្តមសេនីយ៍ទោ ឈុន​ ម៉ៅ​ មេបញ្ជាការរង យោធភូមិភាគ​ទី៥ មេបញ្ជាការ ទិសទី​១​ បន្ទាយមានជ័យ​ បានជួបសំណេះសំណាល ជាមួយយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ ចំនួន ២៦គ្រួសារ​ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម បានគូសបញ្ជាក់ថា យោធិនចូលសោធននិវត្តន៍ និងយោធិនពិការ មានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន ។

ឯកឧត្តមបានបន្ថែមទៀតថា ទោះបី អ៊ុំ ពូ មីង និងបង ប្អូនបានចប់តួនាទី និងភារកិច្ចការពារជាតិក្តី ក៏គុណបំណាច់ដ៏ធំធេងនេះ បានបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយមិនអាចបំភ្លេចបានឡើយ ។

លោកឧត្តមសេនីយ៍ទោ​ ឈុន​ ម៉ៅ​ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនចំពោះយោធិនសោធននិវត្តន៍ និង យោធិនពិការ ។

ឯកឧត្ដមបានបន្ថែមថា​ លោកមេបញ្ជាការ​ កងទ័ពជើងគោក និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព​ និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

លោកឧត្តមសេនីយ៍ទោ​ ឈុន​ ម៉ៅ​ បានផ្តាំផ្ញើយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ បន្តវប្បធម៌ដ៏ល្អរបស់កងយោធពលខេមរភូមិន្ទ ដោយធ្វើខ្លួនឲ្យល្អ និងសម្របរស់នៅជាមួយអាជ្ញាធរមូលដ្ឋាន និងរក្សាបានសណ្តាប់សង្គម ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមអ៊ុំ ពូ មីង និងបង ប្អូន ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ និងអញ្ជើញចូលរួមបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ កក្កដា ឆ្នាំ២០២៣ នាខាងមុខឲ្យបានគ្រប់ៗគ្នា ។នៅក្នុងឱកាសនេះ ឯកឧត្ដម បាននាំយកនូវអំណោយ​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ ក្នុងម្នាក់ៗទទួលបានរួមមាន៖ គ្រឿងឧបភោគ​ បរិភោគ​ និងថវិកា​ មួយចំនួនផងដែរ ។