យកលុយពីគេជាង៤ម៉ឺនដុល្លារ ជាថ្នូរនឹងរត់ការចូលក្របខ័ណ្ឌប៉ូលិស ចុងក្រោយក្របខ័ណ្ឌក៏អត់ លុយក៏អស់….!
ខេត្តស្វាយរៀង៖ ក្រោយប្រគល់លុយឱ្យគ្រប់ចំនួនជាង៤០.០០០$ហើយ.! ស្រាប់តែកូនរបស់គាត់ មិនបានចូលក្របខ័ណ្ឌនគរបាលជាតិ ដូចការធានានិងសន្យា.សាម៉ីខ្លួនជាម្ចាស់លុយ បានតាមទារប្រាក់ពីមន្ត្រីអ្នករត់ការវិញ។
ប៉ុន្តែអ្នករត់ការបានត្រឹម បង្វិលប្រាក់មកឱ្យម្ចាស់លុយបន្តិចបន្តួចប៉ុណ្ណោះ រួចក៏គេចវេះពីការទទួលខុសត្រូវ ទាក់ទងលែងបាន។
ជនរងគ្រោះជាម្ចាស់លុយថ្លែងថាៈ(ប្រាក់ក៏បង់ថង់ក៏ដាច់)កូនក៏មិនបានចូលក្របខ័ណ្ឌ លុយក៏អស់ទៀត អញ្ចឹងតើឱ្យគាត់សង្ឃឹមអ្វី..?។
ជាហេតុនាំឱ្យរូបគាត់ ប្ដឹងលោកស្នងការរងខេត្តស្វាយរៀងម្នាក់ដែលជាអ្នកទទួលលុយរត់ការ ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ តែម្ដងទៅ។
សូមជម្រាបផងដែរថាៈ-ជនរងគ្រោះជាម្ចាស់ប្រាក់ឈ្មោះ ចាន់ ខេមរៈ ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
-រីឯមន្ត្រីដែលរងការចោទប្រកាន់ គឺលោកវរសេនីយ៍ឯក កែវ ភាគ ស្នងការរងខេត្តស្វាយរៀង។
ជុំវិញរឿងរ៉ាវមួយនេះលោក ចាន់ ខេមរៈ បានប្រាប់«ដើមរាំង»នៅព្រឹកទី១២.០៤.២០២៣ថាៈ ខ្លួនពិតជាបានចាញ់បោក លោកវរសេនីយ៍ឯក កែវ ភាគ ស្នងការរងខេត្តស្វាយរៀង ប្រាកដមែន។
ជនរងគ្រោះបានចាត់ទុកថាៈ នេះជា”ទង្វើទុច្ចរិតឆបោក”ដែលលោក កែវ ភាគ ចង់ស៊ីលុយឡាក់!។
ពោលគឺយកលុយពីគាត់ចំនួន៤៣.០០០$ ទៅទុកខ្លួនឯង! ក្នុងនោះ ប្រសិនជាកូនគាត់ប្រឡងជាប់ក្របខ័ណ្ឌ គឺលោក កែវ ភាគ នឹងបានប្រាក់ដោយងាយៗ។
ប៉ុន្តែបើមិនជាប់ក្របខ័ណ្ឌនោះទេ លោក កែវ ភាគ នឹងប្រគល់លុយមកវិញគ្រប់ចំនួនតាមសន្យា ។
មិនដូច្នេះអី ស្រាប់តែកូនគាត់មិនបានចូលក្របខ័ណ្ឌ បែរជាលោក កែវ ភាគ មានចេតនា ស៊ីដាច់លុយថែមទៀត ដោយមិនព្រមប្រគល់លុយឱ្យវិញសោះ!។
ជនរងគ្រោះ ចាន់ ខេមរៈ បញ្ជាក់ប្រាប់«សារព័ត៌មាន»ទៀតថាៈ ដើមចមដំបូង នៅកំឡុងឆ្នាំ២០២២ រាជរដ្ឋាភិបាល-ក្រសួងមហាផ្ទៃ បានប្រកាសជ្រើសរើស បេក្ខភាពចូលក្របខ័ណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
ទន្ទឹមនិងនោះ ព្រោះតែការលង់ជឿទុកចិត្តតាមការបញ្ចុះបញ្ចូល ដោយលោក កែវ ភាគ បានមកធានាអះអាងថាៈ ខ្លួនជាមន្ត្រីជាន់ខ្ពស់ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ហេតុនេះគាត់មានសិទ្ធ បញ្ចូលឈ្មោះរៀបចំឈ្មោះ ជ្រោមជ្រែង និងរត់ការ ឱ្យកូនរបស់ជនរងគ្រោះ បានចូលក្របខ័ណ្ឌប៉ូលិសទាំង២នាក់ ជាថ្នូរនិងប្រាក់ចំនួន៤៣.០០០$។
ឮដូច្នេះខ្លួនក៏ជឿជាក់ទាំស្រុង និងបានព្រមព្រៀង ប្រគល់ប្រាក់ឱ្យលោក កែវ ភាគ ចំនួន៤លើក៖
លើកទី១ៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ចំនួន១០.០០០$។
លើកទី២ៈ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ចំនួន៥.០០០$។
លើកទី៣ៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ចំនួន១៨.០០០$។
និងលើកទី៤ៈ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួន១០.០០០$ សរុប ចំនួន៤៣.០០០$(បួនម៉ឺនបីពាន់ដុល្លារ)។
ក្រោយប្រឡងចូលក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិរួចហើយ ស្រាប់តែលទ្ធផលចេញមក កូនរបស់ជនរងគ្រោះទាំង២នាក់ មិនមានឈ្មោះជាប់ក្របខណ្ឌនគរបាលជាតិ ដូចការសន្យា!។
ជនរងគ្រោះ ក៏បានតាមទារលុយពីលោក កែវ ភាគ វិញ ខណៈលោក កែវ ភាគ បានត្រឹមប្រគល់ប្រាក់មកឱ្យជនរងគ្រោះចំនួន៧.០០០$ប៉ុណ្ណោះ!។
នៅសល់៣៦.០០០$ទៀត លោក កែវ ភាគ សន្យាសងបង្គ្រប់នៅកំឡុង ខែកុម្ភៈ ឆ្នាំ២០២៣។
លុះដល់ពេលកំណត់លោក កែវ ភាគ មិនព្រមប្រគល់លុយឱ្យជនរងគ្រោះឡើយ ។
ដោយលើកពេលនិងសន្យាថាៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ លោក នឹងប្រគល់ប្រាក់ឱ្យជនរងគ្រោះគ្រប់ចំនួន។
លុះដល់ថ្ងៃកំណត់ទៀត បែរជាលោក កែវ ភាគ មិនប្រគល់ប្រាក់តាមសន្យា ហើយថែមទាំងគេចវេះ ពីការទទួលខុសត្រូវ ទាក់ទងមិនបាន ទូរស័ព្ទចូលហើយមិនទទួល..។
ទើបជនរងគ្រោះប្ដឹងលោក កែវ ភាគ ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យជួយអន្តរាគមន៍ ជុំវិញរឿងរ៉ាវមួយនេះ ដោយក្ដីអនុគ្រោះ។
ជនរងគ្រោះបញ្ជាក់បន្ថែមថាៈ រហូតមកទល់និងថ្ងៃទី១២.០៤.២០២៣នេះ គឺលោក កែវ ភាគ បានគេចវេះរហូតគ្មានដំណោះស្រាយនោះឡើយ។
ជាការឆ្លើយតប លោកវរសេនីយ៍ឯក កែវ ភាគ ស្នងការរងខេត្តស្វាយរៀងបានថ្លែងប្រាប់«សារព័ត៌មាន»នៅព្រឹកទី១២.០៤.២០២៣ថាៈ រឿងទទួលប្រាក់រត់ការ ចូលក្របខ័ណ្ឌខាងលើលោកកំពុងដោះស្រាយហើយ!។
-ចំពោះសំនួរថាៈ តើលោកដោះស្រាយពេលណា? ហើយប្រគល់ប្រាក់ឱ្យជនរងគ្រោះវិញពេលណា..?។
-ត្រង់ចំណុចនេះលោក កែវ ភាគ មិនបកស្រាយឡើយ ដោយគ្រាន់តែនិយាយថា(កំពុងដោះស្រាយ)។
ក្នុងរឿងរ៉ាវខាងលើ ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាមហាជនទូទៅសូមស្នើយ៉ាងទទូច ដល់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀង.លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាបើកការស្រាវជ្រាវ ចាត់វិធានការវះកាត់សាច់ស្អុយចេញបើទុកនាំតែក្លាយទៅជាដំបៅមហារីកទៅថ្ងៃក្រោយ និងដើម្បីឱ្យលោកវរសេនីយ៍ឯក កែវ ភាគ ស្នងការរងខេត្តស្វាយរៀង ចេញមុខទទួលខុសត្រូវសងប្រាក់មកជនរងគ្រោះវិញ៕