កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ចុះរាវរកសពយុវជនម្នាក់ ដែលលង់ទឹកស្លាប់ រាវរកឃើញហើយ នៅក្រុងសិរីសោភ័ណ.,!

ខេត្តបន្ទាយមានជ័យ៖នៅល្ងាចថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះលោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំងលោក វរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះរាវរកសពយុវជនម្នាក់ ឈ្មោះ សំ លីហួរ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មូលហេតុ នាំគ្នាជិះទូកលេង ពេលដល់កណ្ដាលស្រាប់តែទូកលិច ហើយក៏បាននាំគ្នាហែលទឹកមកច្រាំងវិញបានតែ ២នាក់ ចំណែកជនរងគ្រោះឈ្មោះ សំ លីហួរ បានលង់ទឹកតែម្ដង។

សាកសពបានរកឃើញនៅវេលារសៀលម៉ោង ១៦:៥០នាទី ត្រង់ចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីរកឃើញហើយ ក៏បានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕