ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ…

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះតែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ ។ មុនដំបូងហៅឡានខ្ញុំខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុក្ខក្នុងការបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។គាត់ក៏បោះដៃទៅអ្នកសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្លេះខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូស័ព្ទថតទុក្ខជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសូមធូបអ្នកជិតខាងមកអុចអោយស្បថហើយគាត់នាំគ្នាមកអុកឡុកកន្លែងគាត់គាត់គម្រាមយកឡានខ្ញុំទុក្ខខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងចម្ងាយ២០០ម៉ែត្រ។

ក្រោយពីពិនិត្យឃើញមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

ស្នងការដ្ឋាននគរបាលខេត្ត សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។

ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការណ៍អនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។

សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត ស្រ្តីដែលជាប្រពន្ធអ្នកបើកបររថយន្តរួមដំណើរជាមួយគ្នា បានទទួលស្គាល់កំហុសថាខ្លួនពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ និងសុំទោសសមត្ថកិច្ចដោយផ្ទាល់មាត់។ បន្ទាប់មកសមត្ថកិច្ចបានអប់រំបន្ថែមអនុញ្ញាតឱ្យធ្វើដំណើរបន្តដោយមិនបានផាកពិន័យនោះទេ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕