ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា “គ្រូបង្រៀន” ប្រៀបដូចជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេស សម្រាប់ជំរុញការរីកចម្រើនលើគ្រប់វិស័យ និងជាមូលដ្ឋានគ្រឹះ​នៃការ​អភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេស។ “ពាក្យថាគ្រូ” គឺជាគំរូដល់សិស្សទូទៅ មិនថាសិស្សអ្នកមាន អ្នកក្រ ឧកញ៉ា សេដ្ឋី ដើម្បីទទួលបានទាំងចំណេះដឹង និងទំនុកចិត្ត សម្រាប់ជាទុនក្នុងការកសាងអនាគតមួយដ៏ល្អប្រពៃ។

 

​តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ហេង សួរ នៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិក​អប់រំគ្រប់កម្រិតសិក្សាក្នុងវិស័យសាធារណៈ និងឯកជននៅទូទាំងស្រុកបាធាយ ចំនួន ១ ២០០នាក់ កាលពីព្រឹក​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ បាន រម្លឹកពីថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលបានស្តារ និងអភិវឌ្ឍប្រទេស​ជាតិពីបាតដៃ​ទទេ កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលគ្រាដ៏លំបាកតោកយ៉ាក គ្មានសាលារៀនគ្រប់គ្រាន់ សម្ភារសិក្សាក៏គ្មាន គ្រូបង្រៀន​មានតិចតួចបំផុត ពេលនោះគឺជាដំណាក់កាល “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច​បង្រៀន​អ្នកមិនចេះសោះ”។ ឯកឧត្តមបានបន្តថា តាមរយ:ការប្រឹងប្រែងជំនះគ្រប់ឧបសគ្គ ដៃម្ខាងការពារ​ប្រទេស​ពីការវិលត្រឡប់នូវរបបខ្មែរក្រហម និងដៃម្ខាងស្តារ និងអភិវឌ្ឍប្រទេសជាង ៤០ឆ្នាំកន្លងមក ជាពិសេសក្រោយ​ពេលដែលប្រទេសយើងបានទទួលសន្តិភាពពេញលេញ ក្រោយពីសម្តេចតេជោ​នាយករដ្ឋមន្រ្តីលះបង់​គ្រប់បែប​យ៉ាងយកអាយុជីវិតធ្វើដើមទុន រហូតសម្រេចបានជោគជ័យទាំងស្រុងនូវការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨។

ឯកឧត្តម បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស ហើយមានឱកាសកសាងបាននូវធនធានមនុស្សគ្រប់ប្រភេទ ក្នុងមជ្ឈដ្ឋានសិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសយើងមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនជាច្រើន​ដែលបានរួម​ចំណែក​យ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីចូលរួមដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តស្នើដល់លោកគ្រូ អ្នកគ្រូនៅក្នុងស្រុកបាធាយទាំងអស់ ត្រូវបន្តពង្រឹងគុណភាព ដើម្បីឱ្យសិស្សមាន​សមត្ថភាព ទទួលបាននិទ្ទេសA ឱ្យមានអត្រាកាន់តែខ្ពស់ ដើម្បីត្រៀមចូលរួមប្រណាំង​ប្រជែងជាមួយវិទ្យាល័យ​ផ្សេងទៀតនៅទូទាំងខេត្តកំពង់ចាម សម្រាប់ឆ្នាំសិក្សា២០២៣នេះ ។

បើតាមលោក អុន លាងអាន ប្រធានការិយាល័យអប់រំស្រុកបាធាយ បានឱ្យដឹងថា នៅក្នុងស្រុកបាធាយមាន​សាលាសរុប ៥៨កន្លែង ក្នុងនោះសាលាបឋមសិក្សា ៤៦កន្លែង អនុវិទ្យាល័យ ៧កន្លែង វិទ្យាល័យ៥កន្លែង ហើយមានអគារសិក្សាសរុបចំនួន ១៨២ខ្នង ស្មើនឹងជាង ៨០០បន្ទប់ ក្នុងនោះអគារជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន សរុបរួម ៥៦ខ្នង ស្មើនឹងជាង៣០០បន្ទប់៕