
ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ រយៈពេល ៤ខែ គ្រោះថ្នាក់ចរាចរណ៍រមាន ៦២ករណី…!
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេល ៤ខែកន្លងមក គិតពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ មានយានយន្តធ្វើចរាចរណ៍លើផ្លូវថ្មីនេះ ជាង ១ ៤១៣ ៩០៦ដង។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ មាន ៦២ករណី។
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញថា រយៈពេល ៤ខែនេះ លើផ្លូវល្បឿនលឿន មានអ្នកស្វែងរកជំនួយសង្គ្រោះ ចំនួន ១ ១៥៦ករណី និងសួរព័ត៌មានពិគ្រោះយោបល់ ចំនួន ៥ ០៧៤ករណី។
យ៉ាងណាក៏ដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនបានបញ្ជាក់ថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំង ៦២ករណីនោះ មានជនរងគ្រោះស្លា.ប់ ឬរងបួសប៉ុន្មាននាក់ឡើយ។
ប៉ុន្តែជាបន្តបន្ទាប់កន្លងមក នៅលើផ្លូវល្បឿនលឿន ដែលគេបង្ហោះតាមហ្វេសប៊ុក គេឃើញថា រថយន្តគ្រោះថ្នាក់ចរាចរណ៍មួយចំនួន ត្រូវឆេះខ្ទេចទាំងស្រុង ខ្លះបុករនាំងចែកទ្រូងផ្លូវ ខ្លះទៀត បើកធ្លាក់ផ្លូវ រថយន្តប៉ះរថយន្តលើគន្លងទិសស្របគ្នា រថយន្តខ្លះទៀត មានលក្ខខណ្ឌបច្ចេកមិនល្អ ដូចជា ខូច បែកកង់ ឬបើកសុខៗ ស្រាប់តែរបូតកង់ ជាដើម។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌ ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងសូមគោរពច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចម្ងាយជាង ១៨០គីឡូម៉ែត្រ បែងចែកជា ៣គន្លងទៅ និង ៣គន្លងមក រួមមាន៖ គន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតា, គន្លងផ្លូវសម្រាប់ជែង, និងគន្លងផ្លូវ សម្រាប់ឈប់បន្ទាន់។
ផ្លូវល្បឿនលឿនបង់ថ្លៃនេះ បានកំណត់ល្បឿនបើកបរ សម្រាប់រថយន្តគ្រួសារ អាចបើកក្នុងល្បឿនលឿនបំផុត ១២០គីឡូម៉ែត្រ/ម៉ោង ខណៈល្បឿនទាបបំផុត ៦០គីឡូម៉ែត្រ/ម៉ោង។ ដោយឡែក សម្រាប់រថយន្តធុនធ្ងន់ មិនមានសណ្តោង អាចបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រ/ម៉ោង និងរថយន្តកុងតឺន័រមានសណ្តោង អាចបើកបរក្នុងល្បឿនត្រឹម ៨០គីឡូម៉ែត្រ/ម៉ោង។
ករណីផ្លូវកោងច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរ ត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែង ដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ៕