ក្រុមក្មេងស្ទាវដេញកាប់គ្នាសមត្ថកិច្ចចុះអន្តរាគមន៍កាប់បណ្ដាលឲ្យរបួសធ្ងន់ម្នាក់…!

ខេត្តពោធិ៍សាត់ ៖ ករណីសមត្ថកិច្ចនគរបាលរងរបួស ពេលចុះបំពេញបេសកកម្ម(អន្តរាគមន៍)បង្រ្កាបក្រុមក្មេងទំនើង និងឃាត់ខ្លួនយកមកសួរនាំនោះ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅលើដងផ្លូវកៅស៊ូលេខ១០១ ត្រង់ចំណុចសួនច្បារមុខធនាគារជាតិ ស្ថិតក្នុងភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ ។
មុនដំបូងមានក្មេងៗ១ក្រុមមានគ្នាប្រមាណ៥នាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពកាប់គូទំនាស់១ក្រុមទៀត និងកាប់កម្ទេចម៉ូតូចំនួន២គ្រឿងផងដែរ ខណៈដែលកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងពោធិ៍សាត់ចេញទៅជួយធ្វើអន្តរាគមន៍ត្រូវក្រុមជនបង្កកាប់មកលើលោក អនុសេនីយ៍ទោ សុន កុសល នាយរងផ្នែកនគរបាលយុត្តិធម៌ បណ្ដាលឲ្យរងរបួសដៃទាំងសងខាងយ៉ាងធ្ងន់ រួចនាំគ្នាគេចខ្លួនបាត់អស់ទៅ។
នគរបាលដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំពោះមុខសញ្ញាសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរក។ សមត្ថកិច្ចបានបន្តឆែកឆេរលើក្មេងទំនើង និងឃាត់ខ្លួនបានប្រមាណ១០នាក់រួមជាមួយម៉ូតូចំនួន៥គ្រឿង នាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធីច្បាប់៕