ខេត្តកំពង់ស្ពឺ៖ នៅ ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ បន្ទាប់ពីធ្វើសកម្មភាពលួចបានមាសជាង១០តម្លឹងត្រង់ចំណុចផ្សារក្រាំងចេកស្ថិតក្នុងភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យដែលកម្លាំងនគរបាលមូលដ្ឋានឃាត់បាននោះទីមួយមានឈ្មោះ សុឹម ឡេង ភេទ ស្រី អាយុ ៥៥ ឆ្នាំ រស់នៅ ភូមិក្រងស្វាយ ឃុំ ស្វាយអំពារ ស្រុកមុខកំពូល ខេត្ត កណ្តាលនិងពីរ.ឈ្មោះ ឡោ ថុល ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅ ភូមិមាន ឃុំមាន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។
ទាំងពីរនាក់បានធ្វើសកម្មភាពចូលលួចមាស ពីជនរងគ្រោះ ឈ្មោះ ចុន ចំរើន ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ លក់មាសនៅផ្សារក្រាំងចេក បច្ចុប្បន្នរស់នៅភូមិ ទួលស្តៅ ឃុំ ក្រាំងចេក ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ។

ជនសង្ស័យបានធ្វើសកម្មភាពលួចមាសបានចំនួនជាង ១០តម្លឹង (ក្នុងនោះមានខ្សែក១០ខ្សែរ.ក្រវឹល ៣០ គូរ បន្តោងខ្សែករ២០)ត្រូវបានឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែង។

ក្រោយឃាត់ខ្លួនបានដកហូតបាន ទូរស័ព្ទដៃ ០៤ គ្រឿង នាឡិកាដៃ ០១ គ្រឿង រថយន្តម៉ាកកាមរី ហើម ពណ៌ស ផលិតឆ្នាំ១៩៩៣(របស់ជនសង្ស័យ)និងមាសចំនួន១០តម្លឹងពីរជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕