
ក្មេងប្រុសថៃដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំលិចទឹកក្នុងឆ្នាំ ២០១៨ ស្លាប់នៅអង់គ្លេស
អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស 12 នាក់ដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំលិចទឹកនៅប្រទេសថៃ កាលពីឆ្នាំ ២០១៨ បន្ទាប់ពីជាប់នៅក្នុងនោះអស់ រយៈពេលជាង ២ សប្តាហ៍បានស្លាប់នៅក្នុងប្រទេសអង់គ្លេសខណៈកំពុងសិក្សាអាហារូបករណ៍ផ្នែកកីឡាបាល់ទាត់។ ក្មេងប្រុស Duangpetch Dom Promthep មានអាយុ ១៧ ឆ្នាំត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងបន្ទប់របស់គាត់កាលពីថ្ងៃអាទិត្យនៅសាលាហ្វឹកហាត់បាល់ទាត់ ប្រ៊ូក ហៅស៍ ខូឡិច(Brooke House College) ក្នុងទីក្រុងឡេសេសស្ទឺសៀ(Leicestershire) ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាកន្លែងដែលក្មេងប្រុសនេះបានស្លាប់កាលពីថ្ងៃអង្គារ។
ការស្លាប់របស់ក្មេងប្រុស Dom ត្រូវបានបញ្ជាក់ដោយសាលា និងមូលនិធិ Zico របស់ប្រទេសថៃ ដែលផ្តល់មូលនិធិដល់ការសិក្សារបស់ក្មេងប្រុសនេះ។ មូលហេតុនៃការស្លាប់នៅមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយ ប៉ុន្តែនគរបាលទីក្រុង និយាយថា វាមិនត្រូវបានគេចាត់ទុកថាជាករណីសង្ស័យនោះទេ៕