លិចទូកម៉ាសុីនមួយគ្រឿង ខណៈកំពុងបើកឆ្លងទន្លេមេគង្គ ខេត្តស្ទឹងត្រែងបណ្តាលអោយមនុស្ស៤នាក់ក្នុងចំណោម៨នាក់បាត់ខ្លួន

ខេត្តស្ទឹងត្រែង៖ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣ ទូកអ្នកភូមិមួយគ្រឿងដឹកមនុស្ស៨នាក់បានលិច ពេលឆ្លងកាត់តំបន់ទឹកគួចខ្លាំងតាមដងទន្លេមេគង្គនៅកន្ទុយកោះហានស្ថិតក្នុងឃុំកោះស្នែងស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ទូកមួយគ្រឿងដែលជួបហេតុការណ៍អាក្រក់នោះគឺជារបស់ប្រជាពលរដ្ឋរស់នៅភូមិកោះកី ឃុំកោះស្នែង ហើយពួកគេធ្វើដំណើរជាក្រុមគ្រួសារបងប្អូនឆ្ពោះទៅភូមិខាំផាន់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងដើម្បីប្រកបមុខរបរ។ ទូកប្រភេទនេសាទត្រីមួយគ្រឿងដែលលិចនោះបានផ្ទុកមនុស្សរហូតដល់៨នាក់ដឹកសម្ភារផ្សេងទៀត។ លុះពេលទូកឆ្លងកាត់តំបន់ទឹកហូរគួចខ្លាំងក៏បណ្ដាលឲ្យលិចតែ ម្ដងទៅ។ នៅក្នុងហេតុការណ៍នោះអ្នកខ្លះបានទាញសម្ភារនៅលើទូកតោងយករួចខ្លួន អ្នកផ្សេងទៀតត្រូវទូកនេសាទឃើញជួយសង្គ្រោះ។

មនុស្សដែលបាត់ខ្លួនមាន៤នាក់ ក្នុងនោះពីរនាក់គឺជាកុមារ។ អ្នកទាំងបួននាក់ដែលបាត់ខ្លួននោះទី១ឈ្មោះ សុត មី ភេទប្រុសអាយុ៥៦ឆ្នាំ,ទី ២ឈ្មោះ ម៉ី សុគ្រី ភេទស្រីអាយុ២៥ ឆ្នាំ,ទី៣ឈ្មោះលូយ ចន្ទ្រា ភេទប្រុសអាយុ ៨ និងទី ៤ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ។

មកដល់រសៀលថ្ងៃទី១៤កុម្ភៈនេះសមត្ថកិច្ចកំពុងស្វែង រកអ្នកបាត់ខ្លួនមិនទាន់ឃើញនៅឡើយទេគឺបានតែទូក។ រីឯម៉ាស៊ីនបានលិចចូលទៅក្នុងទឹកបាត់៕