អធិការនគរបាលស្រុកគាស់ក្រឡថា មិនទាន់ទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដោយអំពើហិង្សា និងគំរាមសម្លាប់ទេ!
បាត់ដំបង៖ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ កាលពីម្សិលមិញ បានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះក្នុងអំពើហិង្សាឡើយ តែលោកចង់ឲ្យជនរងគ្រោះដាក់បណ្តឹងទៅតុលាការខេត្តបាត់ដំបងវិញ។
បុរសជាជនរងគ្រោះបួននាក់ក្នុងស្រុកគាស់ក្រឡ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីស្វែងរកយុត្តិធម៌ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានដំណឹងអំពីចំណាត់ការរបស់មន្ត្រីនគរបាលឡើយ។
ពួកគាត់បាននិយាយថា អស់រយៈពេលជាង១០ថ្ងៃកន្លងមកហើយ នគរបាលគ្មានរកដោះស្រាយទាល់តែសោះ ខណៈលោកអធិការនគរបាលស្រុកគាស់ក្រឡ ចាត់ទុកថា អំពើហិង្សា និងគំរាមសម្លាប់នេះ គឺជារឿងតូចតាច។
ក្នុងបណ្តឹងព្រហ្មទណ្ឌនេះ លោកវរសេនីយ៍ឯក ប៉ាង ហៀង បានបញ្ជាក់ថា «តាមពិតរឿងនឹងវាតិចតួចណាស់ រឿងដែលមិនអាចដាក់តុលាការបាន ហើយខ្ញុំមិនទាន់បានទទួលផងថា ជារឿងអី! រឿងអី! ព្រោះនៅជំនាញគេ ខ្ញុំម៉េចដឹងទេ ដោយជាប់រវល់ប៉ុន្មានថ្ងៃ។ ចំពោះចំណាត់ការ យើងមិនទាន់បានទទួល យើងអត់ហ៊ានថាយ៉ាងម៉េចទេ»។
លោកអធិការ បានសង្កត់ថា «មេប៉ុស្តិ៍ចេះតែទម្លាក់មកអធិការ ហើយអធិការមិនដឹងស្អីជាស្អី អធិការការងារច្រើន។… បើយើងកាន់ជើងពលរដ្ឋ ខុសក្រុមហ៊ុន បើកាន់ជើងក្រុមហ៊ុន វាខុសពលរដ្ឋ ។ យើងត្រូវទ្រោលសភាពការណ៍ទាំងអស់ដើម្បីសម្របសម្រួលកុំឲ្យមានបញ្ហា ព្រោះរឿងអត់ទាន់អន្តរាយមានព្យសនកម្ម វាស្លាប់ស្អី……អត់មានទេ»។
លោក ប៉ា ហៀង បានបញ្ជាក់ថា រឿងនឹងប្រសិនបើលោកបានទទួល លោកនឹងចាត់ចែងហៅមកសួរនាំហើយ មិនអត់ទេ។ «ព្រោះអ្វីដែលគេដាក់ប្តឹង យើងត្រូវទទួល…មិនថាយើងអាជ្ញាធរព្រងើយកន្តើយទេ តម្រូវការរបស់ប្រជាពលរដ្ឋត្រូវតែធ្វើ និងដោះស្រាយ»។
បុរសរងគ្រោះក្នុងអំពើហិង្សា និងគំរាមសម្លាប់ រួមមាន៖ ១-ឈ្មោះ ព្រឿង ចេក ភេទប្រុស អាយុ៣២ឆ្នាំ។ ២-ឈ្មោះ ឃិត លក្ខ ភេទប្រុស អាយុ២៧ឆ្នាំ។ ៣-ឈ្មោះ ជា ឈុនលាភ ភេទប្រុស អាយុ២៣ឆ្នាំ។ ៤-ឈ្មោះ រ៉ម គឹមហួរ ភេទប្រុស អាយុ៣៣ឆ្នាំ។ អ្នកទាំងបួននាក់ ស្នាក់នៅក្នុងដីជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនមួយ ស្ថិតនៅក្នុងឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភ្នំតូច ភ្នំធំ ក្រុមការងារបានដើរល្បាតនៅលើដីនេះ ដើម្បីអនុវត្តតាមអនុសាសន៍ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្នើសុំឲ្យគូភាគីដោះស្រាយវិវាទដីធ្លីតាមគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមរូបភាពរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងអនុវត្ត តាមស្មារតីអង្គប្រជុំ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ របស់លោកអភិបាលស្រុកគាស់ក្រឡ។
បុរសទាំងបួននាក់បានរៀបរាប់ថា ពេលពួកគេកំពុងដើរល្បាតការពារដី នៅត្រង់ចំណុចភ្នំតូច-ភ្នំធំ ក្នុងភូមិសាស្ត្រ ភូមិកកោះ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឃើញបុគ្គលឈ្មោះ ជា ឈ្លឿយ កំពុងឈូសឆាយដី បំពាននឹងសេចក្តីជូនដំណឹរងរបស់លោកអភិបាលស្រុកតាស់ក្រឡ ហើយបានថតរូប ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ស្រាប់តែបុគ្គល ជា ឈ្លឿយ ឈប់ត្រាក់ទ័រ រួចទាញកាំបិតខ្វែវសំដៅមកក្រុមការងារ និងក្របួចកអាវ សមាជិកក្រុមការងារម្នាក់ឈ្មោះ ព្រឿង ចេក ហើយសំឡុតឲ្យលុបវីដេអូ និងរូបភាពចោលឲ្យអស់ បើមិនលប់បុគ្គលនោះនឹងកាប់សម្លាប់ភ្លាម។
បន្ទាប់មកបុគ្គលឈ្មោះ ជា ឈ្លឿយ បានឆក់យកទូរស័ព្ឋពីឈ្មោះ ព្រឿង ចេក ដោយពោលពាក្យដូច្នេះថា «ថត អាញ់កាប់ងាប់ លុបចោលឲ្យអស់ លុប….លុបមិនលុប…»។
ភ្លាមៗនោះដែរឈ្មោះ កើត គីមឡាង (ហៅយាយ២៣) បានគប់ដុំថ្មសំដៅក្បាលសមាជិកក្រុមការងារម្នាក់ទៀត ឈ្មោះ ឈិត ល័ក្ខ ដែលលើកដៃរងរហូតបែកមេដៃតែម្ដង។
ក្រោយពេលកើតហេតុភ្លាម ក្រុមបុរសរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ដើម្បីស្វែងរកយុត្តិធម៌ និងចាត់វិធានការផ្លូវច្បាប់លើបុគ្គលឈ្មោះ ជា ឈ្លឿយ និងប្រពន្ធ ដោយទាមទារសំណងជំងឺចិត្ត៥០០ ០០០ដុល្លារ។
បុរសរងគ្រោះទាំងបួននាក់ បាននិយាយថា ចាប់តាំងពីដាក់ពាក្យបណ្តឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺមានរយៈពេល១៣ថ្ងៃហើយ ដែលសមត្ថកិច្ចឃុំដូនបា មិនបំពេញតាមតួនាទី ភារកិច្ច ដើម្បីកោះហៅជនបង្កទៅសួរនាំ ឬអនុវត្តន៍ច្បាប់ឡើយ។
ពួកគាត់បានប្រាប់មន្ត្រីនគរបាលឃុំដូនបា នៅក្នុងពាក្យបណ្តឹងនោះថា ទង្វើហិង្សាខាងលើ គឺជាបទល្មើសជាក់ស្តែងពីបទ: គំរាមកំហែងថានឹងសម្លាប់ និងបង្ករបួសស្នាមដោយចេតនា។
បន្ទាប់ពីកើតហេតុភ្លាមៗពួកគាត់បានដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា និងមានការទទួលពាក្យបណ្តឹងដោយលោកវរសេនីយ៍ត្រី ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញមន្ត្រីនគរបាលជំនាញ នៃឃុំដូនបា កោះហៅជនបង្កឈ្មោះ ជា ឈ្លឿយ និងប្រពន្ធឈ្មោះ កើត គឹមឡាង ទៅសួរនាំ ឬរកដំណោះស្រាយឲ្យជនរងគ្រោះតាមនីតិវិធីច្បាប់នៅឡើយ ។