លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាប ធ្វើសន្និសីទ្ធការសែត បង្ហាញមុខក្រុមជនសង្ស័យទាំង០៨នាក់លួចម៉ូតូយ៉ាងសកម្មក្នុងក្រុងសៀមរាប….!

ខេត្តសៀមរាប៖ សន្និសីទ្ធការសែតមួយនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ ស្តីពី ការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ទូទៅ និងការបង្ហាញមុខក្រុមជនសង្ស័យលួចម៉ូតូយ៉ាងសកម្មមានគ្នា ០៩នាក់ ហើយត្រូវឃាត់ខ្លួនបានចំនួន ០៨នាក់ រីឯម្នាក់ទៀតបានកំពុងស្រាវជ្រាវបន្ត ព្រមទាំងបានដកហូតនូវវត្ថុតាងរួមមាន ម៉ូតូ ០៦គ្រឿង និង ឧបករណ៍សម្ភារៈកែច្នៃមួយចំនួនទៀត។

អង្គសន្និសីទ្ធការសែតនេះបានធ្វើឡើងក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប រួមទាំងមន្ត្រីនគរបាលជំនាញផងដែរ។

តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងខេត្ត ស្តីអំពីការងារសន្តិសុខនូវទូទាំងខេត្តសៀមរាប គឺបានផ្តល់នូវភាពល្អប្រសើរឡើង បើប្រៀបធៀបទៅក្នុងទស្សវត្សឆ្នាំ១៩៩០ គឺនាពេលបច្ចុប្បន្ននេះពុំមានករណីចោរប្លន់ នោះឡើយ។

លោកបានបន្តទៀតថា ដោយខេត្តសៀមរាប គឺជាតំបន់គោលដៅទេសចរណ៍ របស់ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានផ្តល់ផ្លូវដ៏ស្រស់ស្អាតចំនួន៣៨ខ្សែ ដល់ក្រុងសៀមរាប ក្នុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ ។

លោកបានបន្តទៀតថា ដោយកត្តានេះហើយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកស្នាក់នៅកម្សាន្ត ទស្សនានៅតាមប្រាង្គប្រាសាទបូរាណ និង រមណីយដ្ឋានធម្មជាតិក្នុងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ក៏បាន លើកផងដែរ អំពីលទ្ធផលដែលកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការល្អជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ និង អធិការដ្ឋាននគរបាលក្រុងសៀមរាប រួមនិងស្រុកមួយចំនួន ក្នុងការចុះធ្វើការស្រាវជ្រាវនូវសញ្ញាយ៉ាងសកម្ម ក្នុងករណីលួចម៉ូតូនៅក្រុងសៀមរាប រហូតទទួលបានលទ្ធផល ដោយបានបំបែកនូវសំបុកចោរមួយក្រុម ដែលមានបក្ខពួក ០៩នាក់ ត្រូវបានឃាត់ខ្លួន ០៨នាក់ នៅទីកន្លែងផ្សេងគ្នា និង ម្នាក់ទៀតបានកំពុងរត់គេចខ្លួន។

លោកក៏បានបញ្ជាក់ថា ករណីចោរឆក់ និង លួច បើធៀបពីឆ្នាំ២០២១ និងឆ្នាំ២០២២ មានការថយចុះ ដោយកម្លាំងយើងបានធ្វើការល្បាតបានជាប្រចាំ ទាំងយប់ទាំងថ្ងៃក្នុងក្រុងនិងតាមមូលដ្ឋានសំខាន់នៅក្នុងតំបន់រមណីយដ្ឋាននានា ព្រមទាំងបានកំណត់ និងគ្រប់គ្រងនូវមុខសញ្ញាជនបង្ក ដែលទើបចេញពីមណ្ឌលកែប្រែ ព្រមទាំងដោយមានការចូលរួមសហការពីប្រជាពលរដ្ឋ និង ស្ថាប័នពាក់ព័ន្ធ បានចូលរួមអនុវត្តលើផែនសន្តិសុខ ព្រមទាំងបានប្រើប្រាស់វិធានការជំនាញច្បាស់លាល់។

ក្នុងនោះលោកស្នងការរង ក៏បានលើកនូវវិធានការមួយចំនួន ជូនដល់ប្រជាពលរដ្ឋ និង គ្រប់ស្ថាប័ន ចូលរួមទាំងអស់គ្នាអនុវត្ត ដែលជាគោលការចំបង ដើមី្បកាត់បន្ថយនូវរាល់បទល្មើសផ្សេងៗ ត្រូវលុបបំបាត់នូវបទល្មើសដែលបង្កឡើងដោយខ្លួនឯង ដែលធ្វើឲ្យបំពុលដល់សង្គម។

ម៉្យាងទៀត ក៏ត្រូវចូលរួមទាំងអស់គ្នា ក្នុងការការពារទ្រព្យសម្បត្តិរបស់ខ្លួន និង ផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន ហើយចំពោះជនដែលប្រឌីតបទល្មើសនឹងត្រូវទទួលទោសទៅតាមច្បាប់។

ក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះបាត់ម៉ូតូ ដោយក្រុមជនសង្ស័យទាំង០៨នាក់លួចយកកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវបានលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ធ្វើការប្រគល់ជូនបងប្អូន ព្រមទាំងអំពាវនាវដល់បងប្អូនបាត់ម៉ូតូ សូមមកពិនិត្យមើលម៉ូតូរបស់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប៕