បុរសចំណាស់ម្នាក់ មានជំងឺសសៃប្រសាទ វា.យ.សម្លា.ប់ប្រពន្ធខ្លួនឯង….!

ភ្នំ ពេញ៖ បុរសចំណាស់ម្នាក់ សង្ស័យមានជំងឺសសៃប្រសាទ ដោយខានលេបថ្នាំព្យាបាល ជំងឺក៏រើឡើងវិញ ដោយបានវាយសម្លាប់ប្រពន្ធខ្លួនឯង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៤ល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ជាប្ដីឈ្មោះ ស៊ាង សេត អាយុ៥៩ឆ្នាំ កំពុងរត់គេចខ្លួនហើយនគរបាលក៏កំពុងតាមចាប់ខ្លួនផងដែរ។ ចំណែកស្រ្តីជាប្រពន្ធ ដែលជាជនរងគ្រោះឈ្មោះ លី សុភា អាយុ៥៤ឆ្នាំ អ្នកទាំង ២ មានទីលំនៅផ្ទះកើតហេតុខាងលើ។ នៅមុនពេលកើតហេតុ ដោយសារកូនចៅរវល់ចេញក្រៅអស់ ពួកគាត់បានស្នាក់នៅក្នុងផ្ទះកើតហេតុតែ២នាក់។ ក្រោយមកមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ ទើបប្ដីវាយសម្លាប់ប្រពន្ធ។ ករណីនេះបានកើតឡើងតាំងពីវេលាម៉ោង ១រសៀល តែមិនមានអ្នកដឹងឡើយ។ នៅវេលានោះអ្នកជិតខាងបានឃើញបុរសជាប្ដីដើរចេញពីក្នុងផ្ទះដោយកាន់ដំបងដែកបំពង់ទីប១កំណាត់ផងដែរ តែមិនបានចាប់អារម្មណ៍ថា គាត់វាយសម្លាប់ប្រពន្ធនោះទេ។

រហូតដល់វេលាម៉ោងប្រមាណជាង ៤ល្ងាច ថ្ងៃដដែល ខណៈដែលកូនចៅគាត់ចូលដល់ផ្ទះ ទើបឃើញម្ដាយដេកស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់ឡៅតឿ ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល និងបានហៅក្រុមសង្រ្គោះអង្គភាព៧១ ដើម្បីដឹកយកទៅសង្រ្គោះដែរ ប៉ុន្តែពេលទៅដល់ពិនិត្យឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ៕