ផ្លូវរថភ្លើងល្បឿនលឿន ជិះពីភ្នំពេញត្រឹម ២ម៉ោងកន្លះទៅ៣ម៉ោង ដល់ប៉ោយប៉ែតហើយ…!

គម្រោងផ្លូវរថភ្លើងល្បឿនលឿនដំបូងបំផុតនៅកម្ពុជា មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ។

 

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ពិតជាមិនធម្មតាឡើយ ដោយគ្រាន់ចំណាយពេលជិះពីភ្នំពេញត្រឹម ២ម៉ោងកន្លះទៅ៣ម៉ោងប៉ុណ្ណោះ ដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយ ។ បន្ថែមពីនេះកម្រោងមួយនេះ នឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ ជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត បានយ៉ាងល្អបំផុតផងដែរ។

ឯកឧត្តមស៊ុន ចាន់ថុល នឹងធ្វើការជួបពិភាក្សាជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ខាងមុខ។ ជំនួបពិភាក្សានេះដែរ គឺនឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេលអនាគតឆាប់ៗ ផងដែរ៕