រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី..
ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះតួនាទីដ៏សំខាន់ និងការរួមចំណែកដ៏ចាំបាច់របស់ឥណ្ឌូនេស៊ី នៅក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ ការបញ្ជាក់នេះ ក្នុងអំឡុងពេលដែលឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកសរសើរចំពោះការរួមចំណែករបស់ ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ឯកឧត្តមបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រជាជាតិទាំងពីរ។