ស្នងការរាជធានីភ្នំពេញណែនាំដល់មន្ត្រីឲមានអាកប្បកិរិយានិងសម្ដីសមរម្យចំពោះពលរដ្ឋ

ភ្នំពេញāΡ ស្នងការនគរបាលរាជធានីភ្នំពេញណែនាំដល់មន្ត្រីឲ្យមានអាកប្បកិរិយា និងសម្តីសមរម្យ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អ
ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ត្រីទាំងអស់ដែលទើបទទួលបានតួនាទី និងឋានន្តរសក្តិ ឲ្យមានអាកប្បកិរិយា និងសម្តីសមរម្យ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានល្អ ជាពិសេសត្រូវធ្វើយ៉ាងណាដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ដូចជាការលួច ឆក់ ប្លន់ ។ ល។ ការណែនាំនេះ នៅក្នុងពិធី ប្រកាសផ្ទេរកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៨រូប កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាដល់ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ការិយាល័យជំនាញ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវរកមុខសញ្ញា និងដឹកនាំបង្ក្រាបឲ្យបានជាប្រចាំនៅទីតាំងប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។