បញ្ជូនជនជាតិថៃចំនួន០៦នាក់ ពាក់ព័ន្ធករណីប្រើអាវុធខុសច្បាប់នៅក្នុងកាស៊ីណូនិងរីហ្សតហ្គ្រេនប៉ៃលិន ទៅតុលាការខេត្ត!!!

ខេត្តប៉ៃលិន ៖បុគ្គលិកកាស៊ីណូ និងរីហ្សត ហ្គ្រេន ប៉ៃលិន ដែលជាជនជាតិថៃ ចំនួន០៦នាក់ នឹងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការខេត្តប៉ៃលិន តាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណី ប្រើប្រាស់អាវុធខុសច្បាប់លើទឹកដីកម្ពុជា។

សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១១នឹង០០នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចមាត់ស្ទឹងជិតស្ពានសន្តិភាព ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមមន្រ្តីនគរបាលស្នងការខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២នេះថា ៖ កម្លាំងជំនាញនគរបាលស្នងការខេត្ត សហការជាមួយនឹងកម្លាំងនគរបាលអធិការដ្ឋានស្រុកសាលាក្រៅ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដែលជាជនជាតិថៃ ធ្វើការនៅក្នុងកាស៊ីណូ និងរីហ្សត ហ្គ្រេនប៉ៃលិន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពបន្តទៀតថា៖ ដំបូងគឺក្រុមជនសង្ស័យ បានជិះម៉ូតូ ទៅលេងទឹកស្ទឹងក្បែរស្ពានសន្តិភាព លុះដល់ពេលចុះលេងទឹក ស្រាប់ តែក្រុមជនសង្ស័យ បានដកកាំភ្លើងបាញ់លេងដោយសេរីអនាធិបតេយ្យ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ តែមិនបង្កឲ្យមានគ្រោះថ្នាក់របួសស្នាមដល់នរណាម្នាក់នោះទេ។ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យជាជនជាតិថៃ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ Eiamrk Sawong ភេទប្រុស ហៅតឺ អាយុ២៩ឆ្នាំ ជនជាតិថៃ (ប្រើប្រាស់អាវុធ ចំនួន០២ដើម ម៉ាក់ឡក និងគូស៊ីគ្រាប់សរុបចំនួន៨១គ្រាប់ និងបានបាញ់ចំនួន១១គ្រាប់),
២.ឈ្មោះ តា ឆៃ ហៅ បៀ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មានអាវុធម៉ាក់រឡូចំនួន០១ដើម និងមានគ្រាប់ចំនួន៤៥គ្រាប់ និងបានបាញ់ចំនួន០៣គ្រាប់),
៣.ឈ្មោះ អាត ធិប ហៅ ទិ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ។
៤.ឈ្មោះ SIttipog Vuthichai ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ។
៥.ឈ្មោះ Bunthuk thawatchai ហៅ តូ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិថៃ។
៦. ឈ្មោះ Chanin Thon ហៅទិន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃ ទាំងអស់គ្នាជាបុគ្គលិកកាស៊ីណូ ដោយនគរបាលបានដកហូតវត្ថុតាងមួយចំនួនគឺ អាវុធខ្លី ចំនួន០៣ដើម ម៉ាកអាលូ គ្រាប់មួយប្រអប់ចំនួន៤៥គ្រាប់ ម៉ាកឡុក មានបង់ចំនួន០៣ និងមានបង់ខ្លី២ បង់វែង១ មានគ្រាប់ ចំនួន៥១គ្រាប់ ម៉ាកគូស៊ី មានបង់មួយ និងមានគ្រាប់កាំភ្លើងអាលូចំនួន៣០គ្រាប់ សរុបគ្រាប់ទាំងអស់ចំនួន១២៦គ្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៦នាក់ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុ កសាលាក្រៅ កំពុងឃាត់ខ្លួនសួរនាំបន្ថែម ដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕