មោទនភាពជាតិខ្មែរ, កូនខ្មែរមួយ ពីបណ្ឌិតសភាយោធាអាមេរិក ខណៈទទួលបានខ្សែគោ និងក្រមាចាស់ជាកាដូពីលោកយាយបង្កើតរបស់ខ្លួន យកពីប្រទេសកម្ពុជាដល់សហរដអាមេរិក កណ្តាល៖ ជាការប្រពៃណាស់ កូនខ្មែរមួយរូបទៀតបានតស៊ូព្យាយាមសិក្សារៀនសូត្ររហូតបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក។ នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Moon Pich ដែលបណ្ដាញព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទិ៣០ ខែឧសភា ឆ្នាំ២០២២នេះ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានគូសបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា អនុស្សាវរីយ៍នៃជីវិត…១០ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។ លោកបានបន្តបញ្ជាក់ថា ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។ គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំអោយនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាអោយចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។ ជាមួយគ្នានោះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Moon Pich បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ!។ គួរបញ្ជាក់ថា យុវជន ពេជ្រ មូន ជាកូនកសិកររស់នៅភូមិគ្រួស ឃុំរលាប្អៀ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង បានទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក រយៈពេល៤ឆ្នាំ ហើយទើបបញ្ចប់ការសិក្សានៅឆ្នាំ២០២២នេះ ជំនាញផ្នែកគណិតវិទ្យា និងការសាវជ្រាវនៅលំហរអាកាស ហើយក៏បានទទួលបានជំនាញបើកយន្តហោះផងដែរ។ ពិធីប្រគល់សញ្ញាបត្របានធ្វើឡើងយ៉ាងមហោឡារិកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក។ សមិទ្ធផលបញ្ចប់ការសិក្សាពីសាលាយោធាលើដីអាមេរិកដែលជារឿងដ៏កម្រសម្រាប់យុវជនខ្មែរ ជារឿងមួយដែលនាំឱ្យមានការភ្ញាក់ផ្អើល និងស្ញប់ស្ញែងខ្លាំងណាស់ទៅហើយសម្រាប់យុវជន ពេជ្រ មូន។ ប៉ុន្តែសំណេរ និងរូបភាព រៀបរាប់ពីការនាំយកខ្សែគោ និងក្រមារបស់ជីដូន ពីស្រុកខ្មែរ រហូតដល់អាមេរិក ជូនយុវជន ពេជ្រ មូន បាននាំឱ្យមានការស្ញប់ស្ញែងយ៉ាងខ្លាំងពីមហាជនទូទៅ៕