កក្រើកទៀតហើយ ! លោកងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងរកយុទ្ធសាស្រ្ត ប្រព្រឹត្តអំពើពុករលួយជាច្រើនរូបភាព !!!
ខេត្តបន្ទាយមានជ័យ ៖ លោកងួន កុសល ក្នុងតួនាទីជាប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដុះស្លែ កំពុងបង្ហាញស្នាដៃខាង ប្រព្រឹត្តអំពើពុករលួយ ជាច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាង មានខ្នងបង្អែករឹងមាំ។
រឿងអាស្រូវរបស់លោក ងួន កុសល ត្រូវបានបើកកកាយ ជាបន្តបន្ទាប់ ក៏ប៉ុន្តែ មេគយធំៗ ក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាលោកបណ្ឌិត គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។ ដូច្នេះហើយទើបលោក ងួន កុសល ហ៊ានប្រើតួនាទីជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងឆាប់រហ័សដោយគ្មានញញើតអ្វីទាំងអស់។
យោងតាមមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេល លោក ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចមក គឺលោក ងួន កុសល កំពុងអនុវត្តន៍តាមមេរៀនពុករលួយរបស់លោក ហ៊ុយ សុជាតិ អតីតមេគយច្រកប៉ោយប៉ែត យ៉ាងស្ទាត់ជំនាញ។
មន្ត្រីនៅច្រកប៉ោយប៉ែត បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងទៀតថាលោក ងួន កុសល បានឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាង គគ្រឹកគគ្រេង ដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ទន្ទឹមនឹងនេះលោក ងួន កុសល ព្រមទាំងបក្ខពួកបែរជាគាបសង្កត់ទៅលើឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញតាមរទេះ តាមរថយន្តតូចៗ និងតាមរ៉ឺម៉កដោយគ្មានការយោគយល់អ្វីឡើយ។
ប្រភពដែលស្និទ្ធនឹងលោក ងួន កុសល បានបង្ហើបឲ្យដឹងថា ការដែលលោក ងួន កុសល ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ជាក់ស្ដែងលោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងគឃ្លើនតែម្តង។
ហើយមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗនៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ យ៉ងដូច្នេះហើយទើបមានសេចក្ដីអំពាវនាវដល់ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមមេត្តា ពិនិត្យឡើងវិញ និងចាត់វិធានការទប់ស្កាត់អំពើពុករលួយ ជាច្រើនរូបភាពរបស់លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីកុំឲ្យមន្ត្រីរូបនេះធ្វើអ្វីៗតាមអំពើចិត្តទៀត។
បើតាមសេចក្ដីរាយការណ៍ពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ងួន កុសល ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយយ៉ាងពេពេញបន្ទុក ដែល អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងបញ្ហានោះទេ ព្រោះលោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងងងើល។
ទន្ទឹមនឹងនេះ សូមអំពាវ ដល់ ថ្នាក់ដឹកនាំ នៃ អង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ងួន កុសល មេគយច្រកប៉ោយប៉ែត ដែលកំពុងល្បីល្បាញខាងពុករលួយ ។
ជុំវិញនៃការចុះផ្សាយករណីខាងលើ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមីខ្លួនពាក់ព័ន្ធខាងលើបានទេ ដោយពុំស្គាល់លេខទូរស័ព្ទ ហើយសារព័ត៌មានយើងខ្ញុំធ្វើការចុះផ្សាយទៅនេះ រិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោនឬជាន់ពន្លិចឲ្យបុគ្គលណាម្នាក់រើសអើងឡើយ បើរសាមីខ្លួនគិតថាការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាពសុក្រឹតនិងយុត្តិធម៌សម្រាប់ខ្លួន សារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ៕