មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ងួន កុសល កំពុងរកវិធីសាស្ត្រប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហ៊ោប៉ាវ..
ខេត្តបន្ទាយមានជ័យ ៖ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដុះស្លែ លោក ងួន កុសល កំពុងបង្ហាញឥទ្ធិពល ប្រព្រឹត្តអំពើពុករលួយ ជាច្រើនរូបភាពដោយគ្មានកោតញញើតអ្វីទាំងអស់ ព្រោះសំអាង មានខ្នងបង្អែករឹងមាំនៅពីក្រោយ។
បែកធ្លាយរឿងអាស្រូវរបស់លោក ងួន កុសល ត្រូវបានបើកកកាយ ជាបន្តបន្ទាប់ ក៏ប៉ុន្តែ មេគយធំៗ ក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាលោកបណ្ឌិត គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅតែរក្សាភាពស្ងៀមស្ងាត់ដដែល។
ដូច្នេះហើយទើបលោក ងួន កុសល អាចប្រើតួនាទីជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើអ្វីៗដើម្បីឲភាពល្បីរន្ទឺខាងប្រព្រឹត្តអំពើពុករលួយយ៉ាងចាស់ដៃគ្មានកោតខ្លាចអ្វីទាំងអស់។
ជាក់ស្ដែង។ថ្មីៗនេះមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេល លោក ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត មក គឺលោក ងួន កុសល កំពុងអនុវត្តន៍តាមមេរៀនពុករលួយរបស់លោក ហ៊ុយ សុជាតិ អតីតមេគយច្រកទ្វាប៉ោយប៉ែត យ៉ាងស្ទាត់ជំនាញ។
មន្ត្រីខ្លះបានខ្សឹបប្រាប់ឲ្យដឹងទៀតថាលោក ងួន កុសល បានឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀតជាច្រើនបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ជាច្រើន យ៉ាងគគ្រឹកគគ្រេង ដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ទន្ទឹមនឹងនេះលោក ងួន កុសល ព្រមទាំងបក្ខពួកបែរជាគាបសង្កត់ទៅលើឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញតាមរទេះ តាមរថយន្តតូចៗ និងតាមរ៉ឺម៉ក ទូល កណ្តៀតបន្តិចបន្តួចដោយគ្មានការយោគយល់អ្វីឡើយ។
ប្រភពដែលស្និទ្ធនឹងលោក ងួន កុសល បានបង្ហើបឲ្យដឹងថា ការដែលលោក ងួន កុសល ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ជាក់ស្ដែងលោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារបិតបាំងទង្វើអាក្រក់របស់ខ្លួនយ៉ាងគឃ្លើនតែម្តង។
ដោយមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗនៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ យ៉ាងដូច្នេះហើយទើបមានសេចក្ដីអំពាវនាវដល់ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមមេត្តា ពិនិត្យឡើងវិញ និងចាត់វិធានការទប់ស្កាត់អំពើពុករលួយ ជាច្រើនរូបភាពរបស់ លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីកុំឲ្យមន្ត្រីរូបនេះធ្វើអ្វីៗតាមអំពើចិត្តទៀត។
បើតាមសេចក្ដីរាយការណ៍ពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ងួន កុសល ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយយ៉ាងពេពេញបន្ទុក ដែល អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងបញ្ហានោះទេ ព្រោះលោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងងងើល។
ទន្ទឹមនឹងនេះ សូមអំពាវ ដល់ ថ្នាក់ដឹកនាំ នៃ អង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ងួន កុសល មេគយច្រកប៉ោយប៉ែត ដែលកំពុងល្បីល្បាញខាងពុករលួយ ៕