ភ្នំពេញ៖ នៅទីបំផុត, ឃាតករជាប្ដីដែលបានធ្វើសកម្មភាពអារកកាត់ក្បាលប្រពន្ធរបស់ខ្លួនឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងសាហាវព្រៃផ្សៃជាងសត្វតិរច្ឆានទៀតនោះ ពេលនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២នេះ ធ្វើការបង្ក្រាបបានហើយ។ ជនសង្ស័យឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់គ្រឿងអេឡិចត្រូនិក មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នរស់នៅក្នុងបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងជនរងគ្រោះឈ្មោះ លី ស្រីនុច ភេទស្រី អាយុ២៣ឆ្នាំ មុខរបរអ្នកអនាម័យតាមផ្ទះ មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា នេះជាករណីឃាតកម្ម ដោយប្ដីបានអារកកាត់ក្បាលសម្លាប់ប្រពន្ធដ៏សាហាវព្រៃផ្សៃកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕