កណ្តាល៖ ប្រភពពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ឆ្លងកាត់ផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រែក្លាយពីជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ ដោយគ្មានកោតញញើតអ្វីទាំងអស់ ប្រហែលជាមានខ្នងបង្អែករឹងមាំហើយមើលទៅ។
ក្រុមឈ្មួញ និងអាជីវករបានបង្ហើបប្រាប់ថា ទោះជាពួកគាត់ដឹកទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួលនេះដែរ មិនអាចតវ៉ាបានឡើយ។​ តែបើមានរថយន្តដឹកលើទម្ងន់គឺត្រូវផ្តាច់ភ្លើងសិនទើបឲ្យរថយន្តឆ្លងកាត់កុំឲ្យជាប់ទិន្នន័យ។
ជាងនេះទៅទៀតប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ ខាងលើ តែងតែប្រើប្រាស់ឈ្មោះលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដើម្បីការពារទង្វើ និងបិទបាំងអំពើពុករលួយរបស់ខ្លួន។

ប្រភពពីមន្រ្តីខ្លះក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានខ្សិបប្រាប់ថា ការដែលប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុកបែបនេះគឺមានការបើកភ្កើងខៀវពីលោក ម៉ឹង​ យូឡេង ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្តកណ្ដាលបណ្ដោយឲ្យធ្វើអ្វីៗតាមអំពើចិត្តរ។
តែបើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ទេនោះក៏ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ មិនហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងឡើយ។

ប្រភពស្និទ្ធនឹងលោក ម៉ឹង យូឡេង បានបង្ហើបឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំក្រាស់នៅក្រសួងសាធារណការនៅពីក្រោយ ទើបលោក ម៉ឹង យូឡេង រក្សាតំណែងជាប្រធានសាធារណការខេត្តកណ្ដាល ឡើងដុះស្លែ ហើយបណ្ដោយឲ្យប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ ធ្វើអ្វីៗតាមអំពើចិត្ត។
ដូច្នេះឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ។ ជាហេតុថាប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល អាងមានលោក ម៉ឹង យូឡេង ជាខ្លងបង្អែកទើបហ៊ានប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតធ្វើព្យុះធ្វើភ្លៀអ្វីស្រេចតែចិត្ត៕