ចាស់ជរាជួបការលំបាក ០២គ្រួសារ ទទួលបានជំនួយពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង!

នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារ នាំយកសម្ភារៈ ថវិកា ដែលជាជំនួយរបស់លោក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូនដល់ ចាស់ជរា ជួបការលំបាក ០២គ្រួសារ។

១.លោកយាយ ប៊ុន ស៊ីមន នៅភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជួបទុក្ខ ដោយប្តីទទួលអនិច្ចកម្ម ទទួលបានជំនួយរួមមាន អង្ករ ទឹកសុទ្ធ ទឹកស៊ីអ៉ីវ ទឹកត្រី និងថវិកាមួយចំនួន។
២.លោកយាយ ចាន់ នី នៅភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ធ្លាក់ខ្លួនពិកា ពិបាកក្នងការធ្វើដំណើរ ទទួលបានជំនួយឈើច្រត់ជើង៤ចំនួនមួយ រួមជាមួយថវិកាមួយចំនួន។

លោកយាយទាំងពីរគ្រួសារ គឺជាគ្រួសារទីទាល់ក្រលំបាក ដែលធ្លាប់បានទទួលការឧបត្ថម្ភពីលោក ឧត្តមសេនីយ៍ឯក​ រ័ត្ន​ ស្រ៊ាង កន្លងមកផងដែរ។

ក្រុមគ្រួសារទាំង២ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលតែងតែមានចិត្តសប្បុរសលះបង់ធនធានផ្ទាល់ខ្លួន ជួយដល់អ្នកទីទាល់ក្រលំបាកជាក់ស្តែង ដូចពួកគាត់ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រោសព្រំ ប្រសិទ្ធិពរជ័យ ដល់លោកឧត្តមសេនីយ៍ឯក និងក្រុមការងារ ព្រមជាមួយពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕