ទីស្នាក់ការកណ្ដាល071 8222257/012 485298 សុខ គឹមសានបើកល្បែងស៊ីសងខុសច្បាប់ច្រើនប្រភេទនៅសង្កាត់បឹងកន្សែងក្រុងបានលុងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប…

   ប្រភពច្បាស់ការពីក្រុមអ្នកញៀនល្បែងបានអោយដឹងថាទីតាំងល្បែងស៊ីសងគឺនៅអតីតមន្ទីរពេទ្យពហុព្យាបាល24ម៉ោង ក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានឈ្មោះ អូនធំ ជាម្ចាស់ទីតាំងនេះ។ ម្ចាស់ទីតាំងឈ្មោះ អូនធំ បានជួលទីតាំងទៅឲ្យឈ្មោះ សុខ គឹមសាន អតីតម្ចាស់សង្វៀនបញ្ជល់មាន់នៅច្រកអូរយ៉ាដាវ បើកល្បែងស៊ីសងច្រើនប្រភេទដំណើរការយ៉ាងរលូន។

ប្រភពពីប្រជាពលរដ្ឋនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថាក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ សុខ គឹមសាន បើកល្បែងស៊ីសងយ៉ាងពេញបន្ទុកហើយសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅជាន់ក្រោម និងជាន់លើនៃទីតាំងនោះ គឺមានល្បែងបញ្ជល់មាន់តាមអនឡាញ អាប៉ោង បៀ និងល្បែងច្រើនប្រភេទទៀតដំណើរការយ៉ាងរលូន គ្មានការរំខានពីសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានឡើយ។ ក្នុងមួយថ្ងៃៗមានអ្នកញៀនល្បែងពីគ្រប់ទិសទីមកប្រមូលផ្ដុំគ្នាលេងល្បែងយ៉ាងពេញបន្ទុកធ្វើឲ្យមេល្បែងស៊ីសងអាចប្រមូលលុយបានជាច្រើនដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកក្រុមអ្នកញៀនល្បែងមានខ្លះចាញ់អស់លុយកាក់ ម៉ូតូ រថយន្ត ប្លង់ដីប្លង់ផ្ទះ។ ព្រោះអ្នកលេងល្បែងមានអ្នកចាញ់ច្រើនជាងអ្នកឈ្នះ មេល្បែងស៊ីសងមានល្បិចដើម្បីឈ្នះ មេមិនដែលក្រោមពង។

ប្រជាពលរដ្ឋបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍សតិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ជាបន្ទាន់ផងទាន។ ដោយហេតុថា លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមនោះសោះឡើយ។
ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងទៅលើបញ្ហាអសន្តិសុខសង្គម ព្រោះនៅពេលដែលល្បែងស៊ីសងកើតឡើងពេញទំហឹងបែរជាលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី សម្ងំស្ងៀម៕