រដ្ឋបាលខេត្តសៀមរាបដាក់ឧសានវាទបញ្ចប់ការជួបជុំនៅថ្ងៃ៣០ ម៉ោង២៤.០០យប់
សៀមរាប ៖បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបដាក់ឱសានវាទអោយរំសាយការជួបជុំនៅថ្ងៃទី៣០ ខែសីហា នេះ មានប្រជាពលរដ្ឋបាននាំគ្នាធ្វើដំណើរចាកចេញ ពីចម្ការម្រេច របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅតំបន់ភ្នំគូលែន ស្ថិតនៅភូមិថ្មជល់ឃុំត្បែងស្រុកបន្ទាយស្រី ខេត្តសៀមរាបជាបណ្ដើរៗហើយ។ចំណែកអាជ្ញាធរមានសមត្ថកិច្ចចាប់ផ្តើមដាក់កម្លាំងយាមកាមនៅជិតតំបន់នោះ នឹងត្រៀមអនុវត្តឱសានវាទ របស់រដ្ឋបាលខេត្តផងដែរ ។ការដាក់កំហិតឱ្យបញ្ឈប់ការជួបជុំនិងការបោះតង់ស្នាក់នៅ ចាប់ពីថ្ងៃទី៣០ខែសីហាឆ្នាំ មក២០២២ វេលាម៉ោង ២៤៖០០នាទីយប់។
សូមជម្រាបថារដ្ឋបាលខេត្តសៀមរាបអោយលោកខឹមវាសនាបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ពីព្រោះការជួបជុំពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតរបស់លោក ទៀ សីហាអភិបាលខេត្តសៀមរាបជម្រាបជូនទៅលោកខឹមវាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី២៩ខែសីហាឆ្នា២០២២៕