IPA គាំទ្រផលិតផលក្នុងស្រុក ចុះអ្នកវិញ?
IPA ចង់ឃើញទំនិញគ្រប់ប្រភេទជាផលិតផលក្នុងស្រុក និងផលិតឡើងដោយកូនខ្មែរពិតៗ ដាក់តាំងលក់នៅតាមទីផ្សារនានា ដើម្បីបម្រើឱ្យតម្រូវការក្នុងស្រុក ហើយអាចមានឈានទៅប្រកួតប្រជែងនៅទីផ្សារខាងក្រៅប្រទេសថែមទៀតផង។
ក្នុងន័យនេះ បើសិនជាអ្នកផលិត ឬឧស្សាហកម្មនៅក្នុងស្រុករបស់យើង មិនទាន់មានលទ្ធភាពផលិតទំនិញប្រភេទ ឧស្សាហកម្មធុនធ្ងន់ ដូចជា ៖ គ្រឿងម៉ាស៊ីន យានយន្ត ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ទនៈ រួមទាំងបច្ចេកវិទ្យាជាដើម ក៏សូមត្រឹមតែផលិតនូវប្រភេទទំនិញដែលមានលក្ខណៈចាំបាច់ ឆ្លើយតបទៅនឹងតម្រូវការជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋសិនក៏បាន។ ប្រភេទទំនិញ ដូចជា ៖ បន្លែ ត្រីសាច់ គ្រឿងទេសគ្រប់ប្រភេទ សម្ភារផ្ទះបាយ ផលិតផលសាប៊ូគ្រប់ប្រភេទសម្រាប់ដុសខ្លួន លាងចាន ថ្នាំដុសធ្មេញ។ល។ គួរតែមានការដាំដុះ ចិញ្ចឹម និងផលិតឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីបង្គ្រប់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ IPA យល់ថា ដើម្បីឆក់យកបេះដូងអ្នកប្រើប្រាស់ក្នុងស្រុកបាន ផលិតករ ក៏ដូចជាសហគ្រិនក្នុងស្រុក គួរផ្តោតលើគុណភាពឱ្យត្រូវតាមកម្រិតស្តង់ដារទំនិញ ដែលនាំចូលមកពីក្រៅ និងធានានូវតម្លៃសមរម្យថែមទៀតផង។ ក្នុងន័យនេះដែរ អ្នកផលិតក្នុងស្រុក មិនគួរឆ្លៀតឱកាសកេងចំណេញពីឆន្ទៈ និងមនសិការកូនខ្មែរគ្រប់រូប ដែលបាននិងកំពុងនាំគ្នាគាំទ្រផលិតផលជាស្នាដៃខ្មែរ យ៉ាងពេញទំហឹងនាគ្រានេះឡើយ។ សូមចូលរួមធ្វើអាជីវកម្មដោយឈរលើស្មារតីសុចរិតភាពទាំងអស់គ្នា ដើម្បីធានាថា គ្រប់មុខទំនិញទាំងអស់ ដែលជាស្នាដៃផលិតដោយផលិតករខ្មែរក្នុងស្រុក ជាទំនិញដែលមានគុណភាព ពិសេសមានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ទាំងក្នុងនិងក្រៅប្រទេស។
បើសហគ្រិនខ្មែរ អ្នកផលិតខ្មែរ ផលិតទំនិញគ្រប់ប្រភេទ ឱ្យអ្នកប្រើប្រាស់ជាខ្មែរ បានកាន់តែច្រើន នោះកម្ពុជានឹងកាន់តែរឹងមាំ ព្រមទាំងអាចកាត់បន្ថយការចំណាយទៅលើការនាំចូលទំនិញគ្រប់ប្រភេទ ដែលមានទំហំទឹកប្រាក់ក្នុងរង្វង់ជាង ២០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំថែមទៀតផង។ បើផលិតករក្នុងស្រុក និងសហគ្រិនកូនខ្មែរ រួមគ្នាធ្វើបានមែននោះ IPA ជឿជាក់ថា បរទេស ពិសេសប្រទេសជិតខាង ដែលធ្លាប់តែមាក់ងាយខ្មែរ ពិតជាមិនហ៊ានវាយឫក និងប្រមាថមាក់ងាយខ្មែរទៀតនោះឡើយ។
ជាមួយគ្នានេះ អ្វីដែល IPA ចង់ឃើញដែរនោះ ការតាំងនៅជារៀងរហូតនូវសន្ទុះនៃការគាំទ្រនិងប្រើប្រាស់ផលិតផលខ្មែររបស់ប្រជាជនខ្មែរគ្រប់រូប។ សូមកុំគាំទ្រតែពេលដំបូង ហើយក្រោយមកនាំគ្នារត់ចោលផលិតផលខ្មែរ(ឈប់ប្រើ) បែរទៅគាំទ្រទំនិញបរទេសវិញ។
បើមានត្រឹមតែឆន្ទៈអ្នកផលិត និងអ្នកប្រើប្រាស់ ក៏មិនទាន់ប្រាកដថា អាចធ្វើឱ្យផលិត ឬទំនិញខ្មែរ នៅឈរជើងបានរឹងមាំនោះឡើយ គឺនៅមានតួអង្គដ៏សំខាន់ ហើយដែលមិនអាចមើលរំលងបាននោះគឺឆន្ទៈរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការជំរុញ លើកស្ទួយ និងគាំទ្រផលិតផលខ្មែរបន្ថែមទៀត ទើបធានាបានថា ខ្មែរមានផលិតផល ខ្មែរប្រើប្រាស់ផលិតផលដែលដាំដុះ ចិញ្ចឹម និងផលិតដោយសហគ្រិននិងកូនខ្មែរ៕