ទំនិញខូចគុណភាពជាង៥តោន នាំចូលពីថៃ ឆ្លងប្រទេសឡាវ ចូលមកកម្ពុជា ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបដុតកំទេចចោល

ព្រះវិហារ៖ យ៉ាងហោចណាស់ទំនិញខូចគុណភាពជាច្រើនមុខ ដែលនាំចូលមកកម្ពុជា ឆ្លងកាត់ប្រទេសឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះសម្រេចធ្វើការដុតកម្ទេចចោល នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ។

ក្រុមការងារចម្រុះ ដែលត្រួតពិនិត្យរថយន្តដឹកទំនិញទាំង៤រថយន្តរួមមាន៖មន្រី្ដគយ និងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផល និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យទំនិញនៅរថយន្តដឹកទំនិញចំនួន៤គ្រឿង ក្នុងនោះត្រួតពិនិត្យឃើញមានទំនិញខូចគុណភាពមិនអាចប្រើប្រាស់បាន (ធំក្លិនស្អុយ) ដែលនាំចូលតាមច្រកកំពង់ស្រឡៅ ដូចខាងក្រោម៖ ១-កោះមាន់ ចំនួន ២០៥ កេស ស្មើនឹង ២៤៦០ គីឡូក្រាម ២-ស្លាបមាន់ ចំនួន ៤៥ កេស ស្មើនឹង ៥៤០ គីឡូក្រាម ៣-ត្រីកន្ធរ ចំនួន ១០០ ការុង ស្មើនឹង ២០០០ គីឡូក្រាម ៤-នំម្សៅបំពង ចំនួន ១៤០គីឡូក្រាម ត្រូវរឹបអូសដុតកម្ទេច ទំនិញ៤មុខខាងលើ សរុបទម្ងន់ ៥០១៤០គីឡូក្រាម (ប្រាំតោនមួយរយសែសិប) គីឡូក្រាម។ ដោយឡែករថយន្តល្មើសទាំង៤គ្រឿងនេះ ត្រូវផាកពិន័យតាមច្បាប់គយ។
សូមបញ្ជាក់ថា រថយន្តដឹកទំនិញទាំង៤គ្រឿងនេះ ត្រូវបានលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការឃាត់នៅច្រកព្រំដែនកំពង់ស្រឡៅ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដោយសហការជាមួយកម្លាំងយោធាអង្គភាព ង៧០ អង្គភាពសឹករងខេត្ត និងសាខាគយរដ្ឋករខេត្ត និងគយតំបន់៥៕